ភ្នំពេញ៖ ដើម្បីអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក្រសួងទេសចរណ៍បានដាក់ចេញនូវ «ប្រការគួរធ្វើ និងមិនគួរធ្វើ» ចំនួន ៨ប្រការ ក្នុងការធ្វើដំណើរកំឡុងពេលជំងឺឆ្លង COVID-19 ក្នុងប្រទេសកម្ពុជា។
តាមរយៈសេចក្ដីណែនាំ របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរអន្ដរជាតិធ្វើដំណើរមកកម្ពុជា ត្រូវគោរពតាមដំបូន្មាន ៨យ៉ាង ដូចខាងក្រោម៖
១. អនុវត្តន៍តាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា៖ ត្រូវគោរពតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច ប្រសិនបើអ្នកត្រឡប់មកពី តំបន់ដែលមានឆ្លងជំងឺ ហើយសូមពិនិត្យមើលដំបូន្មាន របស់រាជរដ្ឋាភិបាលអំពី ចំណាត់ការពេលអ្នកមកដល់។
២. ស្វះស្វែងរកដំបូន្មានខាងវេជ្ជសាស្រ្ដ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដោយអាចទំនាក់ទំនងទូរស័ព្ទលេខ ១១៥។
៣. ត្រូវមានធានារ៉ាប់រង៖ ត្រូវធានាថាអ្នកមានធានារ៉ាប់រងគ្រប់គ្រាន់ លើការធ្វើដំណើរមកកាន់កម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19។
៤. កុំរើសអើង៖ ខណៈពេលលោកអ្នក ព្រួយបារម្ភអំពីសុខភាព កំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19 លោកអ្នកមិនត្រូវរើសអើងជាតិសាសន៍ ជាពិសេសជាមួយភ្ញៀវទេសចរ និងក្រុមមនុស្សដែលមក ពីតំបន់ដែលមានការឆ្លងជំងឺ។
៥. លាងដៃរបស់អ្នក៖ អនាម័យល្អជាចំណុច សំខាន់បំផុតក្នុងកិច្ចការពារ។ ដូច្នេះត្រូវប្រាកដថា អ្នកបានលាងដៃជាប់ ជាប្រចាំដោយប្រើសាប៊ូ និងទឹក ឬអាល់កុល ជែល សម្រាប់លាងដៃ។ កុំភ្លេចខ្ទប់មាត់ និងច្រមុះជាមួយក្រដាសអនាម័យ ឬដៃអាវរបស់អ្នកផង នៅពេលអ្នកក្អក ឬកណ្ដាស់។
៦. ចែករំលែកបទពិសោធន៍វិជ្ជមាន៖ ប្រើបណ្ដាញសង្គម ដើម្បីចែករំលែករឿងរ៉ាវធ្វើ ដំណើរជាវិជ្ជមាននានារបស់អ្នក។
៧. ធ្វើចិត្តឱ្យស្ងប់៖ ប្រកាន់ស្មារតីប្រុងប្រយ័ត្ន ប៉ុន្ដែកុំភ័យស្លន់ស្លោ និងត្រូវពាក់ម៉ាស់ក្នុងដំណើរកម្សាន្ដ របស់លោកអ្នកនៅទីកន្លែងសាធារណៈ ឬមានការប្រមូលផ្ដុំ។
៨. មេត្តាកុំលុបចោលការ ធ្វើដំណើរមកកម្ពុជា៖ លោកអ្នកអាចពិចារណាក្នុងការពន្យារ ឬផ្លាស់ប្ដូរគោលដៅមកកម្ពុជាបាន។ មានក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាច្រើនកំពុង លើកលែងកម្រៃដូរសំបុត្រ និងការកក់ ដោយកំពុងផ្ដល់ជូននូវគោលនយោបាយ កក់ឡើងវិញតាមការ ចង់បានរបស់លោកអ្នក៕