រួសរាន់ឡើង! សល់ ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងបញ្ចប់ត្រឹមចុងខែនេះ

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកថា នៅសល់តែ ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។

យោតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ កញ្ញា បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ “ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូន ក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំ ឱ្យបានទាន់ពេលវេលា។

ចំពោះឯកសារតម្រូវរួមមាន៖

– ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះ មានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់ (តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្ត

– បណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)

– វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ

– អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)

– បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធយានយន្ត

– លិខិតទិញលក់

– កិច្ចសន្យាធានាដែលមានបញ្ជាក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ចំពោះទីតាំង នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ ៕