ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ នាយកនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានបេ្តជ្ញារួមគ្នា ក្នុងការកសាងធនធានមនុស្ស លើការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ។នេះបើយោងតាមក្រសួងការងារ។
ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Markus Buerli នាយកនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលទើបតាំងថ្មី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។
គោលបំណងនៃជំនួបថ្ងៃនេះ ដើម្បីចង់បង្ហាញ កិច្ចសហប្រតិបត្តិការដ៏ល្អដ៏ល្អ រវាងកម្ពុជានិងស្វីស ខណៈដែលកន្លងមក តាមរយៈការគាំទ្រពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អគ្គនាយកដ្ឋានអប់រំ បច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ បានសហការជាមួយ អង្គភាពអនុវត្តគម្រោង ជាមួយអង្គការ Swisscontact លើកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី១ (២០១៦-២០២០) ដោយបានបញ្ចប់ ដោយជោគជ័យ ដែលបានបង្កើនប្រាក់ចំណូល និងបង្កើតការងារសមរម្យ សម្រាប់យុវជនទាំងបុរស និងស្រ្តី ក្នុងខេត្តគោលដៅចំនួនបីដែលរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ និងចូលរួមបង្កើតប្រព័ន្ធ អប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដែលប្រកបដោយ ការសម្របសម្រួលល្អប្រសើរ ភាពឆ្លើយតបនិងលក្ខណៈបរិយាប័ន្ន។
នៅក្នុងជំនួបថ្ងៃនេះ ភាគីទាំងពីរ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង នូវអ្វីដែលជាអាទិភាព ទាំងរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងអាទិភាពរបស់រដ្ឋាភិបាលស្វីស ដែលផ្តោតការយកចិត្តទុកដាក់ ទៅការបង្កើនធនធានមនុស្ស ហើយជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។ ភាគីទាំងពីរក៏បានសម្តែង នូវសារៈសំខាន់នៃជំនាញវិជ្ជាជីវៈនេះ តាមបទពិសោធន៍ របស់ប្រទេសស្វីស ដែលបានក្លាយទៅជា ប្រទេសអភិវឌ្ឍន៍ជឿនលឿន យ៉ាងឆាប់រហ័ស ដោយសារតែ យុវជនស្វីសប្រមាណ ២/៣ បានចូលរៀនជំនាញវិជ្ជាជីវៈ សិនដើម្បីទទួលបានការងារធ្វើ ហើយបន្តបន្ទាប់មកទៀតទើបពួកគេអាច បន្តការសិក្សាទៅសកលវិទ្យាល័យ ដែលនេះគឺមានតម្លៃយ៉ាងខ្លាំងក្នុងការកសាងបាននូវធនធានមនុស្សចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
នេះជាបទពិសោធន៍ដ៏ល្អមួយ សម្រាប់កម្ពុជាលើកទឹកចិត្ត ដល់យុវជនកម្ពុជាឱ្យស្គាល់ ពីគុណតម្លៃនៃជំនាញវិជ្ជាជីវៈ ហើយចាប់យកនូវជំនាញមួយ ពិតប្រាកដសិនសម្រាប់ ឱកាសការងារ និងមុខរបររបស់ខ្លួន ដែលជាជម្រើសមួយមុននឹង បន្តការសិក្សា ទៅកំរិតខ្ពស់ជាងនេះ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ ទាំងថវិកានិងបច្ចេកទេសដល់ រាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើនតាមរយៈគម្រោងនានា ជាពិសេសការផ្តោតអាទិភាពខ្ពស់ លើការកសាងធនធានមនុស្ស នៅក្នុងវិស័យបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ។ នៅក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០-២០២៤) ដែលបានចាប់ផ្តើម អនុវត្តកាលពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលគោលបំណងចម្បង គឺបង្កើតឱកាស ការងារ ដល់បុរស និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ និងកម្មករ-និយោជិត ដែលមាន ជំនាញទាប (តាមរយៈជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាព) និងគាំទ្រប្រព័ន្ ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងខេត្តគោលដៅទាំង៥( ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី)។ កម្មវិធីខាងលើនេះមានអន្តរាគមន៍ ចំនួន៤គឺៈការអភិវឌ្ឍន៍គ្រឹះស្ថាន TVET៖ ពង្រឹងគុណភាពមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តាមរយៈដំណើរការ អភិវឌ្ឍន៍គ្រឹះស្ថាន បណ្តុះបណ្តាល ប្រកបដោយកិច្ចសហការ និងភាពគ្រប់ជ្រុងជ្រោយ។ ទីពិសោធន៍នវានុវត្ត TVET ៖ ជំរុញវិធីសាស្ត្រនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍជំនាញ និងស្វែងរកដំណោះស្រាយ លើបញ្ហាជាមូលដ្ឋាន នៅក្នុងទីផ្សារការងារ ដោយសហការជាមួយ វិស័យឯកជន និងអ្នកផ្តល់សេវាផ្សេងទៀត។ ការបណ្តុះបណ្តាល សម្រាប់យុវជន ងាយរងគ្រោះ៖ ផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ជំនាញទន់ និងសហគ្រិនភាព ប្រកបដោយគុណភាព តាមទីផ្សារការងារ ដល់យុវជនក្រីក្រ និងងាយរងគ្រោះ ហើយផ្សារភ្ជាប់យុវជនទាំងនោះទៅនឹងទីផ្សារការងារ ដែលមានប្រាក់ឈ្នួល ឬប្រកបរបរដោយខ្លួនឯង។ ការផ្តល់ការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ដល់បុគ្គលិក ដែលមានជំនាញទាបតាមសហគ្រាស និងពង្រឹងសមត្ថភាពដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យដិសណ្ឋារកិច្ច ព្រមទាំងគ្រូបង្គោល នៃមន្ទីរទេសចរណ៍ខេត្ត និងវិស័យឯកជន។
បន្ថែមពីនេះ SDC បានជួយដល់គម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ដែលបានបញ្ចប់ទៅដោយជោគជ័យ ហើយបានបន្តគំាទ្រគម្រោងនេះសម្រាប់ដំណាក់កាលទី២ ថែមទៀតសម្រាប់ឆ្នាំ២០២០ ដល់២០២៣ ដែលមានឈ្មោះថា គម្រោងការងារ និងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា។ ស្វីសក៏បានជួយ ដល់ការគាំពារ ដល់ពលករណ៍ទេសន្តរប្រវេសន៍ របស់យើង តាមរយៈគម្រោងរបស់អង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ (IOM) ដែលឈ្មោះថា គម្រោង PROMISE។
ជាលទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវ ការពេញចិត្តយ៉ាងខ្លាំង នូវអ្វីដែលជាផ្លែផ្កាកើតចេញ ពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ហើយសន្យាថានឹងបន្ត កិច្ចសហប្រតិបត្តិនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបាន នូវក្របខណ្ឌគោលនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការអនុវត្ត រួមទាំងគោលនយោបាយ អភិវឌ្ឍឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជាទិសដៅ និងអាទិភាពដ៏សំខាន់សម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តម្រូវការកម្លាំងពលកម្មជំនាញពិតជាអាទិភាពខ្ពស់ណាស់ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រៅពីវិស័យឧស្សាហកម្ម និងសេវាកម្ម វិស័យកសិកម្មក៏ជាសក្តានុពលដ៏ធំមួយ ដែលអាចបង្កើតការងារបានយ៉ាងច្រើនរហូតដល់រាប់លាននាក់ជូនប្រជាពលរដ្ឋយើង ដូចនេះយើងក៏យកចិត្តទុកក្នុងបង្កើនការបណ្តុះបណ្តាលជំនាញលើវិស័យនេះដើម្បីឆ្លើយតបទៅតម្រូវការទីផ្សារការងារ។
ក្នុងភាពជាដៃគូរដ៏ល្អជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងSDC នឹងរួមគ្នាបន្តធ្វើការជាមួយ គ្នាតាមរយៈយន្តការជាច្រើន ដែលយើងមានរួមទាំង គណៈកម្មាធិការជាតិ បណ្តុះបណ្តាល និងក្រុមការងារបច្ចេកទេសចំរុះ (TWG-TVET) ផងដែរ ដែលនឹងជួយគាំទ្រដល់ការរៀបចំ ឱ្យមានច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕