ភ្នំពេញ៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី ក្លែងបន្លំខ្លួន ជាសមត្ថកិច្ចនគរបាល និងជំរិតទារប្រាក់ ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី មានជន ជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅថ្ងៃទី ០៦.០៩.២០២០ វេលាម៉ោង២៣និង៣០នាទី មានជនសង្ស័យមួយក្រុមជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចនគរបាល បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរង គ្រោះជាជនជាតិចិន១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2C-9291 ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបន្តថា បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរង គ្រោះចំនួន៤,០០០$ (បួនពាន់ដុល្លារអាមេរិក) បើមិនព្រមឲ្យទេ ក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលីស ។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅ សល់នឹងឲ្យនៅពេលក្រោយ ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប៦នាក់(ជនជាតិចិន ១នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បាត់បង់៖ លុយ២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។
ជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារព័ត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងអនុវត្តបន្តតាមនីតិវិធី ៕