ភ្នំពេញ៖ នៅថ្ងៃពុធ ទី៩ ខែកញ្ញានេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៤ ដោយបាននាំយកឱកាសការងារចំនួន ៣០៦កន្លែង ក្នុងមុខតំណែងជាច្រើន ពីក្រុមហ៊ុនធំៗចំនួន៤ ផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែសីហា”។
យោងតាមក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket ការរៀបចំកម្មវិធីនេះត្រូវបាន អនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការបង្ការអនាម័យ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការ ជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការ របស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាស ដល់សាធារណៈជនទូទៅ ជាពិសេសយុវជន ដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ៨:០០ព្រឹកដល់ម៉ោង ៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕