ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកតាំង ពៅ ប្រធានលេខាធិការដ្ឋាននៃ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ សហការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៧គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៦តោន ដល់ ១៥តោន។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោកប្រធានលេខាធិការដ្ឋាន ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យ ដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ៤ល្ងាច នៅថ្ងៃដដែល ៕