សៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ ដែលភ្ញៀវទេសចរ ទៅកម្សាន្តម្តងហើយ ចង់ទៅម្តងទៀត (Video)

0

ភ្នំពេញ៖ ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន ។ នេះបើតាមការបញ្ជាក់របស់ គណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី៧ កញ្ញាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង សិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈកម្មការកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ ។

«ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំផែនការមេនេះ ត្រូវបានរំពឹងថានឹងក្លាយជាយន្តការ ដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាព នាពេលបច្ចុប្បន្នក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួម របស់រាជរដ្ឋាភិបាល ដើម្បីជាការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដូចខាងក្រោម៖

ទី១.ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិ ដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជា សកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

ទី២.ធានាឱ្យបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ, តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប, តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែល ជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

ទី៣.ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន ។

លើសពីនេះ, «ផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍ វិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ។ តាមការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិ នាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ ។

ជារួម, ចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) គឺ «ការក្តាប់យកមកវិញនូវមោទនភាព ជាគោលដៅទេសចរណ៍ចម្បងបំផុត របស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បង ក្នុងតំបន់អាស៊ីអាគ្នេយ៍» ។

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» បានដាក់ចេញនូវ គោលដៅយុទ្ធសាស្រ្តចំនួន ៧ រួមមាន៖

១.យុទ្ធសាស្រ្ដអភិវឌ្ឍន៍តំបន់ទេសចរណ៍ អាទិភាពខេត្តសៀមរាប,

២៖ យុទ្ធសាស្រ្ដវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗ ក្នុងខេត្តសៀមរាប,

៣៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់,

៤៖ យុទ្ធសាស្រ្ដពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប,

៥៖ យុទ្ធសាស្រ្ដក្នុងការ គ្រប់គ្រងបរិស្ថានខេត្តសៀមរាប,

៦៖ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រ វិស័យទេសចរណ៍ខេត្តសៀមរាប, និង

៧៖ យុទ្ធសាស្រ្ដអភិបាលកិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្រ្តចំនួន ៤៦ សកម្មភាពអនុវត្តចំនួន ១៥១ ដែលបានកំណត់រយៈពេល នៃការអនុវត្ត រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង) ។

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖