ភ្នំពេញ៖ លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ កំលាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី ចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងសាងសង់ រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ និងចុះពិនិត្យទីតាំង ប៉ះពាល់ជាក់ស្តែង រួមទាំងពិនិត្យគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជនមិន ស្គាល់អត្តសញ្ញាណ បានវាយបំផ្លាញ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
យោងតាមរដ្ឋបាល ខេត្តកោះកុង បានឱ្យដឹងថា ជាលទ្ធផល (១) ដំណើរការទូទាត់សំណង និងការឈូសឆាយ ត្រូវផ្អាកដំណើរការ ជាបណ្តោះអាសន្ន (២)រក្សាកងកម្លាំង កងរាជអាវុធហត្ថ ចំនួន១០នាក់ នៅលើទីតាំងដើម្បី រក្សាសុវត្ថិភាព ចំពោះភាគីពាក់ព័ន្ធ និង(៣)ក្រុមការងារអន្តរក្រសួង នឹងរៀបចំកិច្ចប្រជុំពិភាក្សាលម្អិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។
សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បង្កើត អនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយ ផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំង សម្រាប់គម្រោង អភិវឌ្ឍរោងចក្រ អគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងតំបន់ឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង របស់ក្រសួងបរិស្ថាន៕