យឹម តាស្រង់ ៖គ្រប់យ៉ាងអាចធ្វើទៅបានមិនមែនតែខ្ញុំម្នាក់ទេគឺមានការយល់ព្រមពីម្ចាស់ផលិតកម្មនិងសាមីខ្លួន តន់ ចន្ទសីម៉ា

0
ភ្នំពេញ៖បន្ទាប់ពីមានការរិះគន់ទាក់ទងនឹងការផ្តិតមេដៃចុះកិច្ចសន្យាផ្តល់ភាគលាភចំនួន២០ភាគរយពីសំណាក់តារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា ដល់កវីនិពន្ធលោក យឹម តាស្រង់ ដើម្បីជាការគោរពដឹងគុណចំពោះការលះបង់ពេលវេលាក្នុងការនិពន្ធបទចម្រៀងឲ្យខ្លួននោះភ្លាមៗនេះក៏មានមតិមួយចំនួនបង្ហាញការគាំទ្រលើទង្វើរល្អនេះ។ប៉ុន្តែក្នុងនោះក៏មានខ្លះទៀតហាក់មានភាពច្រណែនរិះគន់ផងដែរ។
ជាប្រតិកម្មឆ្លើយតបចំពោះរឿងនេះអ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់ បានចេញមុខបញ្ជាក់បែកន័យពន្យល់ទៅបុគ្គលទាំងនោះដោយចិត្តត្រជាក់វិញថារឿងហេតុគ្រប់យ៉ាងគឺពុំមែនកើតឡើងដោយសារតែខ្លួនលោកម្នាក់នោះទេពោលគឺមានការឯកភាពនិងព្រមព្រៀងគ្នាទាំងសងខាងរវាងម្ចាស់ផលិតកម្មលោកឧកញ៉ា ឡេង ណាវ៉ាត្រានិងសាមីខ្លួនតារាស្រីកញ្ញា តន់ ច័ន្ទសីម៉ា។
លោកបញ្ជាក់ថា គ្រប់យ៉ាងអាចធ្វើទៅបានក្នុងរឿងនេះមិនមែនមកពីខ្ញុំម្នាក់ឯងឡើយដោយសារមានការយល់ព្រមពេញចិត្តពេញថ្លើមសហការពីឧកញ៉ាដែលគាត់ក៏ជាអ្នកនិពន្ធដែរយល់ច្បាស់ពីផលវិបាកនៃអាជីពអ្នកនិពន្ធ និងគោលបំណងទាំងអស់គ្នាចង់លើកកម្ពស់តម្លៃនៃអ្នកនិពន្ធក្នុងបរិបទថ្មីមួយដំបូងគេ ។
លោក យឹម តាស្រង់ បន្តទៀតថានេះក៏ដើម្បីឲ្យប្អូនៗអ្នកនិពន្ធមកថ្មីៗក្រោយៗមានទឹកចិត្តលើវិថីតែងនិពន្ធនេះ ព្រមទាំងការពេញចិត្តគោរពនិងផ្តល់តម្លៃរបស់អ្នកចម្រៀង តន់ ចន្ទសីម៉ា ឲ្យខ្ញុំទើបខ្ញុំទទួលបាន២០ភាគរយនេះ ។តទៅមុខទៀតនេះនិងមានអ្នកចម្រៀងទី២ ទី៣ទៀតដែលផ្តល់តម្លៃសម្រាប់អ្នកនិពន្ធ ហើយមានតែពាក្យជូនពរប្អូនៗអ្នកនិពន្ធផ្សេងៗទៀតនិងធ្វើបានដែរដើម្បីលើកកម្ពស់ស្នាដៃខ្លួនឯង។
សូមជម្រាបថាលោក យឹម តាស្រង់ និងតារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា កាលពីថ្មីៗនេះបានសម្រេចធ្វើកិច្ចសន្យាផ្តិតមេដៃដើម្បីសហការគ្នាព្រមផ្តល់ចំណូល២០ភាគរយពីការច្រៀងតាមកម្មវិធីប្រគុំតន្រ្តីមួយចំនួនជួយដល់លោក យឹម តាស្រង់ ក្នុងន័យលើកទឹកចិត្តនិងការដឹងគុណផងដែរ៕តារារស្មី