លោក សេរី វឌ្ឍណា ម្ចាស់បទ ស្លៀកខ្លី ទទួលមរណភាពទាំងវ័យក្មេង

0

ភ្នំពេញ៖នេះជាដំណឹងដ៏គួឲ្យភ្ញាក់ផ្អើលនិងរន្ធត់បំផុតសម្រាប់មហាជនព្រមទាំងអ្នកគាំទ្រនូវម្ចាស់បទ ស្លៀកខ្លី របស់លោក សេរី វឌ្ឍណា ស្របពេលនេះមានព័ត៌មានថាតារាប្រុសរូបនេះបានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះ។

លោក សេរី វឌ្ឍណា ត្រូវបានទស្សនិកជនស្គាល់និងគាំទ្រតាមរយៈបទ ស្លៀកខ្លី ដោយកាលនោះលោកបានធ្វើការបកស្រាយជាមួយលោកSeav JKs។ប៉ុន្តែក្រោយពេលបាត់មុខពីសិល្បៈមួយរយៈពេលនេះក៏ស្រាប់តែមានដំណឹងដ៏ក្រៀមក្រំនិងសោកសៅថាលោក សេរី វឌ្ឍណា បានទទួលមរណភាពដោយសារជំងឺគ្រុនឈាមធ្ងន់ធ្ងរយ៉ាងរន្ធត់ទៅវិញ។

យោងតាមការបង្ហោះចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថាម្ចាស់បទ ស្លៀកខ្លី លោក សេរី វឌ្ឍណា ពិតជាបានទទួលមរណៈភាពទាំងវ័យក្មេងព្រោះតែជំងឺគ្រុនឈាននិងបែកគ្រាប់ឈាមដែលមិនអាចជួយសង្គ្រោះជីវិតបានទេ។ប្រភពបានបន្តថាលោក សេរី វឌ្ឍណា បានស្លាប់គ្រាដែលបញ្ជូនទៅសង្គ្រោះនៅឯប្រទេសវៀតណា។

បន្ទាប់ពីទទួលមរណភាពសពរបស់តារាចម្រៀងលោក សេរី វឌ្ឍណា បច្ចុប្បន្នត្រូវបានក្រុមគ្រួសារដឹកយកមកតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីស្ថិតនៅឯវត្តសារវ័ន្តតេជោ។ជាមួយគ្នានៃដំណឹងមរណភាពដ៏ក្រៀមក្រំរបស់តារាចម្រៀងវ័យក្មេងលោក សេរី វឌ្ឍណា ភ្លាមៗនេះបានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូករួមសោកស្តាយហើយផ្ញើសារចូលរួមរំលែកទុក្ខស្ទើរគ្រប់គ្នា៕ តារារស្មី