ភ្នំពេញ៖ តារាសម្តែង សូដា នីតា បានបង្ហាញគំនិតរបស់ខ្លួន ក្រោយពីឃើញហេតុការណ៍ ក្មេងស្រី៤នាក់ ព្រួតគ្នាវាយធ្វើបាបទៅលើក្មេងស្រីម្នាក់ ដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជារឿងព្រៃផ្សៃបំផុតនោះ ។
ក្នុងនោះកញ្ញា បានលើកឡើងថា គ្មានអ្វីប្រសើរជាងការអត់ឱនឲ្យគ្នានោះទេ បើលើកលែងទោសបានគួរតែលើកលែង ។
សូដា នីតា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន នៅរាត្រីយប់មិញថា «អ្នកណាក៏ខឹងដែរ បើមើលតាមវិដេអូ ប្អូនៗ៤នាក់ ពិតជាវ៉ៃប្អូនស្រីសាហាវមែន បងក៏សែនអាណិតប្អូនស្រីខ្លាំងណាស់ដែរ
តែអ្វីៗគួរតែលើកលែងទោសអោយបានក៏លើកទៅ ព្រោះគ្នានៅក្មេងៗមិនទាន់ចេះគិតៗតាមតែតាមអាត្មាអញចង់ឈ្នះនឹងចង់មានអំនួត អោយគេខ្លាចតែប៉ុណ្ណោះ ដោយមិនចេះគិតរឿងវែងឆ្ងាយ រឺ ខូចកិត្តិយសម៉ែឪ រឺ អនាគតនោះទេ» ។
សូ ដានីតា បានបន្តថា «លើលោកនេះ គ្មានអ្វីល្អជាងការលើកលែងអោយគ្នានោះទេហើយបើមនុស្សដែលខុសហើយ ចេះដឹងកំហុសនឹងចេះកែរខ្លួន គឺរិតតែល្អបំផុតយើងត្រូវចេះទុកឱកាសអោយមនុស្សជុំវិញខ្លួនទើបខ្លួនឯងបានស្ងប់សុខ ព្រោះតែភាពចេះអត់អោនរបស់ខ្លួនយើង ចំពោះអ្នកដទៃ។តែសំខាន់អ្នកខុស ត្រូវចេះកែរខ្លួន ទើបមិនមានវិប្បដិសារីទៅថ្ងៃក្រោយប្អូនៗអ្នកធ្វើខុស ប្អូនអាចសន្យាជាមួយអ្នកដទៃនឹងឪពុកម្តាយ ដោយម្រាមដៃដប់នឹងពាក្យសុំទោស តែអ្វីសំខាន់ គឺប្អូនៗត្រូវចេះសុំទោសខ្លួនឯង នឹង សន្យាខ្លួនឯង ទើបល្អសំរាប់ខ្លួនឯង ...»
សូដា នីតា បានបន្ថែមជាចុងក្រោយថា «បងសង្ឃឹមថា ប្អូនៗនឹងចេះកែរខ្លួនប្អូន ចូរចេះអាណិតឪពុកម្តាយ ដែលលោកតស៌ូចិញ្ចឹមសង្ឃឹមចង់អោយកូនល្អ តែបើប្អូនបន្តអ៊ីចឹងទៀត នោះលោកទាំង២នឹងឈឺចាប់ ដោយសារប្អូន ៕»






