ភ្នំពេញ៖តារាចម្រៀងកញ្ញា ពេជ្រ សូលីកា បានសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីកត់សម្គាល់ឃើញជនឱកាសនិយមមួយចំនួនបានឆ្លៀតឱកាសដែលនាងកំពុងមានបញ្ហាធំដោយសារម្តាយត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីឃាតកម្មសម្លាប់ក៏ស្រាប់តែមានគេលួចឈ្មោះនិងរូបថតទៅបង្កើតផេកថ្មីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ខណៈពេលដែលបានពីសកម្មភាពនិងទង្វើរខ្វះសីលធម៌ពីសំណាក់ជនអនាមិកដែលហ៊ានលួចបង្កើតផេកក្លែងក្លាយបែបនេះម្ចាស់ខ្លួនកញ្ញា ពេជ្រ សូលីកាបានចេញសារព្រមានបុគ្គលទាំងនោះឲ្យប្រញ៉ាប់លុបចោលនិងអំពាវនាវឲ្យមហាជនព្រមទាំងអ្នកគាំទ្រត្រូវប្រុងប្រយ័ត្នខ្លាចចាញ់បោកដោយករណីណាមួយ។
បើតាមខ្លឹមសាររបស់កញ្ញា ពេជ្រ សុលីកា ដែលបានបង្ហោះភ្ជាប់ជាមួយរូបភាពរបស់ផេកក្លែងក្លាយដែលបានដាក់ឈ្មោះជាភាសាខ្មែរថា ពេជ្រ សូលីកាIIនាងបានលើកឡើងថាសម្រាប់ជនឆ្លៀតឱកាសទាំងនេះវិញខំប្រឹងបង្កើតផេកបន្លំឈ្មោះក្នុងពេលដែលខ្ញុំកំពុងតែជួបបញ្ហាធំ តើអ្នកយកអ្វីមកគិត? អ្នកបានផលប្រយោជន៍ខ្លាំងណាស់មែនទេរហូតយកLive ចាស់ៗរបស់ខ្ញុំទៅធ្វើការLive បន្ត។
កញ្ញា ពេជ្រ សូលីកា បានបន្ថែមទៀតថាទង្វើរនេះវាដូចជាហួសហេតុពេកដែលឆ្លៀតឱកាសមិនចេះគិតបែបនេះ។សូមជំរាបដល់អ្នកធ្វើ ប្រញប់លុបផេកជាបន្ទាន់។យ៉ាងណាមិញអំឡុងពេលដែលកញ្ញា ពេជ្រ សូលីកា កំពុងមានទុក្ខនិងមានជំងឺបាក់ទឹកចិត្តក្រោយពេលម្តាយនាងត្រូវចាប់ខ្លួននេះដែរគឺមានមហាជននិងអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតហើយផ្ញើសារលើកទឹកចិត្តគ្រប់គ្នា៕
អត្ថបទ៖ តារារស្មី






