ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សិល្បករមួយក្រុមធំ រួមមានលោក ព្រាប សុវត្ថិ លោក គូម៉ា លោក ខេម និងតារាល្បីៗមួយឈុតធំ បានលើកគ្នាចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េជាថ្មីទៀតហើយ ក្រោមការរៀបចំរបស់បុរីឡេងណាវ៉ាត្រា។ ចំពោះការចំណាយត្រូវបានប្រកាសថា មិនក្រោម១៤ម៉ឺនដុល្លារនោះទេ ប៉ុន្តែសម្រាប់គោលបំណងគឺយ៉ាងសាមញ្ញ។
តារាសិល្បៈដែលចេញទៅសម្ដែងនៅក្នុងប្រទេសនាថ្ងៃនោះរួមមាន លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ កញ្ញា អ៊ីវ៉ា លោក គូម៉ា កវីនិពន្ធលោក យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង លោកខេម និងក្រុមរាំ បូកទាំងក្រុមការងារ សរុបប្រមាណជាង៥០នាក់។ តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ដោយមាន Live Band វង់ភ្លេងចចកសមុទ្រ នៅទីក្រុងអាន់សាន់ ថ្ងៃទី១៣ កញ្ញា ដោយការសម្ដែងទាំងមូល នឹងក្លាយជាការសម្ដែង ដែលមានវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ។
លោក ព្រាប សុវត្ថិ ថ្លែងថា ពិតជាមោទនភាពយ៉ាងខ្លាំង ដែលតារាសិល្បៈរបស់ខ្មែរ ត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា ធានាយកទៅសម្ដែងជាទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េ។ លោកថាហេតុផផលនៃការចំណាយលុយ អ្នករៀបចំកម្មវិធីប្រកាសរួចហើយ ថាទៅប្រគំតន្ត្រីមុនរដូវភ្ជុំបិណ្ឌ ដើម្បីឲ្យបងប្អូនពលករខ្មែរសប្បាយរីករាយ។ ម្យ៉ាងមកពីអំឡុងពេលនេះ នៅក្នុងប្រទេសកូរ៉េមិនសូវរងារដែលជាឱកាសមាសរបស់អ្នករស់នៅទីនោះផង ទើបលោកឡេង ណាវ៉ាត្រា មិនដែលខកខាន ដើម្បីកុំអោយបងប្អូនខ្មែរនឹកស្រុកខ្លាំងពេក សម្រាប់អ្នកមិនបានមកលេងភ្ជុំ។ លោកថាលោកឧកញ៉ា ជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ មុនក្លាយជាអ្នកជំនួញជោគជ័យ ទើបការប្រគំតន្ត្រីធំដើម្បីឲ្យបងប្អូនខ្មែររស់នៅទីនោះបានសប្បាយ ចេះតែត្រូវបានរៀបចំឡើង៕















