ថ្វីបើជារឿងឯកជន ប៉ុន្តែលោក Stephen Chow ហៅទិនហ្វី បានក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមជាច្រើនពីជីវិតស្នេហា របស់លោក ។
នៅដើមខែមករា ឆ្នាំ២០១៩ លោកទិនហ្វី ត្រូវបានលេចឡើងនូវព័ត៌មាន ធ្លាប់មានកូន ជាមួយ Cecilia Cheung ។ឥលូវនេះវិញ ក៏ចាប់ផ្តើម លេចឡើង នូវព័ត៌មានថាលោកបានរៀបការហើយ។
ចាប់តាំងពីបែកបាក់ស្នេហាជាមួយមិត្តស្រីយ៉ាងយូរ ពោលគឺនៅឆ្នាំ ២០១០ លោក Stephen Chow នៅបន្តភាពនៅលីវ ដដែល ។ ទោះជាយ៉ាងនេះក្តី ក៏ស្រាប់តែនៅពាក់កណ្តាលខែកក្កដា កន្លងទៅ ស្រាប់តែលេចឡើងនូវព័ត៌មានពីអតីតអ្នកយកព័ត៌មានផ្នែកកម្សាន្តម្នាក់នៅហុងកុងអះអាងថា Stephen បានរៀបការហើយ។
ឆ្លើយសំនួរអ្នកគាំទ្រនៅលើ Weibo ស្តីពីរបៀបដែលខ្សែភាពយន្តរបស់ Stephen មានឥទ្ធិពលនៅលើ Box Office អ្នកកាសែតរូបនោះ បានអះអាងថា ជាមួយនឹងការលើកទឹកចិត្តពីភរិយាថ្មីរបស់គាត់ ស្មារតីរបស់ Stephen ចាប់ផ្តើមមានភាពរឹងមាំឡើងវិញ។
ការឆ្លើយនេះបានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមរបស់ចិន មានការវង្វេងស្មារតី ដោយគិតថា ស្តេចកំប្លែងរូបនេះ បានរៀបការដោយសម្ងាត់។
ដោយឡែកតារាសម្តែង Karen Mok បាននិយាយថា លោកស្រីបានលឺដំណឹងនេះ ប៉ុន្តែមិនដឹងថាវាពិតឬយ៉ាងណា ក៏ព្រោះតែខានជួប Chow យូរហើយ។
រំពេចជាមួយគ្នានោះដែរ សារព័ត៌មានផ្សេងទៀតបានលើកឡើងពីសម្តីជំនួយការរបស់ Stephen ថាវាជារឿងក្លែងក្លាយ៕