ភ្នំពេញ៖ ថ្មីៗទៅនេះក្នុងការប្រគំតន្ត្រីមួយ ស្រាប់តែមានជនឆ្លៀតឱកាសលួចយកស្មាតហ្វូនទំនើបរបស់នាយចឺម ដែលជាហេតុធ្វើឲ្យសាមីខ្លួន ភ័យស្លន់ស្លោ ដោយខ្លាចបែកការរឿងសម្ងាត់មួយចំនួន ដែលមាននៅក្នុងស្មាតហ្វូននោះ។
ថ្វីបើស្មាតហ្វូននោះថ្លៃសម្រាប់អ្នកមានជីវភាពមធ្យម ប៉ុន្តែសម្រាប់តារាចម្រៀងល្បីវ័យក្មេង ដែលបានកើបប្រាក់ខ្ទង់ពាន់ៗ មួយកម្មវិធី ហាក់មិនថ្លៃ សម្រាប់លោកឡើយ ប៉ុន្តែអ្វីដែលថ្លៃបំផុតក្នុងស្មាតហ្វូននោះ គឺឯកសារផ្សេងៗ លេខទំនាក់ទំនង និងរឿងរ៉ាវសំងាត់ឯកជនរបស់នាយចឺម ។
បើតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ថា ក្រោយបាត់ស្មាតហ្វូន iPhone Xs នោះទៅ តារាចម្រៀងវ័យក្មេងនេះ កំពុងតែពិបាកចិត្ត ក៏ព្រោះតែ បាត់លេខទូរស័ព្ទ ទាក់ទងការងារជាច្រើន រូបភាពសំខាន់ៗ និងឯកសារមួយចំនួន ហើយអ្វីដែលកាន់តែពិសេសនោះគឺរឿងឯកជន ពាក់ព័ន្ធនឹង ទំនាក់ទំនងស្នេហា សៅក្រៅ ។
នាយចឺម ត្រូវបានទស្សនិកជនជាច្រើនស្គាល់យ៉ាងច្បាស់ថា ជាតារាវ័យក្មេង ដែលតែងតែដូរស្នេហា ដូចសម្លៀកបំពាក់ ដោយដើរទៅណាមកណា ដូរស្រីស្រស់ប្លែកៗមុខ រហូតដល់ថ្នាក់អ្នកក្នុងចង្កោមសិល្បៈបានដាក់ឈ្មោះហៅក្រៅថា Justin Khmer ៕




