ភ្នំពេញ៖ លោក អ៊ុំ សុគន្ធវាសនា ហៅ VS កន្លងទៅបានចេញបទចម្រៀងមួយបទ ក្រោមចំណងជើងថា «ទឹកភ្នែកកូនពាល» ដែលជាប្រភេទបទអន្លង់ អន្លោចស្រងះស្រងោច និយាយពីកូនប្រុសម្នាក់ដែលធ្វើខុសចំពោះអ្នកមានគុណ ។ ម្ចាស់បទចម្រៀងនេះ បច្ចុប្បន្នកំពុងគ្រោងចេញបទ ថ្មីមួយទៀត ដែលកាន់តែឆ្ងាយៗទៅពីជំនាញឪពុករបស់ខ្លួន។
ថ្វីបើកើតក្នុងត្រកូលជាតន្ត្រីករបុរាណ ប៉ុន្តែ អ៊ុំ សុគន្ធវាសនា ហៅ VS បែរជាចាប់អារម្មណ៍ទៅលើតន្ត្រីសម័យ និងចង់បង្ហាញខ្លួនឲ្យបានច្រើន ជាមួយ សិល្បៈសម័យថ្មីផងដែរ ។
ប្រាប់ OBN Asia តាមឆាត លោក អ៊ុំ សុគន្ធវាសនា ហៅ VS បានឲ្យដឹងថា តាមពិតឪពុកខ្ញុំជាអ្នកតន្ត្រីបុរាណមួយរូប ប៉ុន្តែសម្រាប់ខ្ញុំ មិនមែនថា មិនស្រលាញ់តន្ត្រីបុរាណទេ តែអាចហៅថាជាឧបនិស្ស័យ ដោយស្រលាញ់ខាងសម័យច្រើនជាង អ៊ីចឹងហើយត្រូវធ្វើទៅតាមចិត្ត ដែលចង់បាន និងព្យាយាមប្រលូកក្នុងវិស័យសម័យ ហើយក៏គ្រោងនឹងចេញបទចម្រៀងស្នាដៃកូនខ្មែរមួយទៀត ក្នុងពេលខាងមុខ។
លោកបានបន្តថា បទក្រោយនេះដែរ កំពុងតែរៀបចំសាច់ភ្លេង និងទំនុកច្រៀង ដើម្បីធ្វើយ៉ាងណាឆក់ឲ្យបានទីផ្សារសិល្បៈសម័យ ក្នុងស្រទាប់មហា ជនដែលគាំទ្រ។ លោកថា ថ្វីបើទីផ្សារចង្អៀត ដោយមានតារាចម្រៀងល្បីៗជាច្រើនឈរជើង ប៉ុន្តែលោកនៅតែសង្ឈឹមថា នៅថ្ងៃណាមួយ លោកនឹងអាចបំពេញក្តីស្រមៃបាន ឈរជើងលើឆាកដូចរៀមច្បងមុនៗដូចគ្នា៕









