នាយត្បាល់ហៅសានសុខចិត្តផ្តាច់ជើងខ្លួនឯងបញ្ចាំឡានយកលុយថតចេញជា MV អបអរចូលឆ្នាំ

0

«ក្រុងភ្នំពេញ» ៖ នាយត្បាល់ ហៅសាន ជាតារាកំប្លែង ហើយក៏ជាតារាចម្រៀង Original មួយរូបផងដែរ បានព្យាយាមផលិត MV ចម្រៀង​អបអរចូលឆ្នាំ ក្រោមចំណងជើងថា«អំណាចក្បាលពោះ» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ដោយមានអ្នកសរសើរថា​ច្រៀងពិរោះ តាមរយៈបទស្នាដៃថ្មីនេះ ។​

ប៉ុន្តែក្រោយខ្នងនៃភាពជោគជ័យតាមរយៈបទ «អំណាចក្បាលពោះ» នាយត្បាល់ ហៅនាយសាន បានប្រាប់ OBN Asia ថា មានរឿងស្មុគស្មាញ ច្រើនក្នុងការផលិតបទចម្រៀង​អំណាចក្បាលពោះនេះឡើង ក៏ព្រោះថាត្រូវចំណាយដើមទុន​ដោយខ្លួនឯង ខណៈដែលគ្មានទ្រនំផលិតកម្មជ្រក នៅឡើយ ។ នាយត្បាល់បានបង្ហាញអារម្មណ៍ពិតថា ដើម្បីផលិតបទខាងលើនេះបាន លោកបានផ្តាច់ជើងខ្លួនឯង ដោយត្រូវយករថយន្តដែលជិះ សព្វថ្ងៃទៅបញ្ចាំ ដើម្បីយកថវិកា មួយចំនួនមកផលិតបទចម្រៀង​ខាងលើនេះ ។

លោកថា បទនេះគ្មាននរណាជួយផ្គត់ផ្គង់ទេ ប៉ុន្តែ​ដើម្បីឲ្យ MV កើតឡើងលោកមានតែប្រើវិធីបញ្ចាំរថយន្ត ព្រោះគ្មានទីពឹងដើម្បីខ្ចីលុយខ្ទង់ពាន់មកផលិត បទចម្រៀងឡើយ ។ លោកសង្កត់ធ្ងន់ថា ចិត្តស្រលាញ់សិល្បៈ និងចង់បម្រើអារម្មណ៍ទស្សនិកជន ទើបលោកប្រើវិធីនេះ គ្មាននរណាចង់យក​រថយន្តដែលជាយានជំនិះតែមួយគត់ ដែលដឹកលោកចេញទៅរកស៊ី ចឹងវាមិនខុសអីពីលោក កំពុងផ្តាច់ ជើងខ្លួនលោកនោះទេ ។​

នាយត្បាល់ ហៅនាយសាន បានបង្ហាញអារម្មណ៍រំភើប ដោយក្រោងខ្នងមានទុក្ខសោក ត្រូវរកថវិការំលោះរថយន្តវិញ បើទោះបីជាបទចម្រៀងនេះមានអ្នកទស្សនាជាង 33 K ក្រោយបង្ហោះនៅលើផេករបស់លោក ឈ្មោះ នាយសាន តន្រី្តសម័យនិងកំប្លែង កាលពីថ្ងៃទី​១៤មេសា ដោយមានអ្នក Like ចូលពាន់ និង Share ចូលកន្លះពាន់ ៕
ទស្សនាវីដេអូចម្រៀងនាយសាន ក្រោមចំណងជើងថា អំណាចក្បាលពោះ៖