ភរិយាលោក គង្គ ប៊ុនឈឿន៖ បន្តឹងលើនាយចឺម និងសាន់ដេគឺមាន តែរងចាំក្រសួងពាក់ព័ន្ធដោះស្រាយ

0

ភ្នំពេញ៖ លោក យាយ តាត គឹមលន ដែលត្រូវជាភរិយាកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានបញ្ជាក់ប្រាប់ OBN Asia នារាត្រីថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ថា លោកស្រីមកកម្ពុជាលើកនេះគឺគោលបំណង​ធ្វើខួបឲ្យតារបស់លោកយាយគំរប់ខួបស្លាប់៣ឆ្នាំ ហើយក៏ដោះស្រាយលើរឿង ដែលគេយកបទទៅកាឡៃផងដែរ ។​

រឿងនាយចឺម និងសាន់ដេ បានយកបទ «នឹកភូមភ្នំធំ» យកទៅកាឡៃទំនុក និងបទភ្លេង ស្រែកច្រៀងនោះ បានធ្វើឲ្យគ្រួសារនៃម្ចាស់បទខឹងសម្បារ ហើយក៏កំពុងចាត់ការទៅតាមច្បាប់ ដោយរងចាំលទ្ធផលខាងក្រសួងពាក់ព័ន្ធជាពិសេសនាយកដ្ឋានរក្សាកម្មសិទ្ធបញ្ញាដោះស្រាយជូន​ឲ្យមានផ្លែផ្កា សមរម្យ។​

លោកយាយតាត គឹមលន បានប្រាប់ OBN Asia តាមទូរស័ព្ទថា លោកយាយមកកាន់កម្ពុជាក្រៅពីធ្វើខួបឲ្យតាគំរបការស្លាប់៣ឆ្នាំ គឺមកប្រមូលឯកសារបទខ្លះដែលមិនទាន់បានជូនទៅកាន់នាយកដ្ឋានកម្មសិទ្ធបញ្ញា ឲ្យបញ្ចូលឲ្យរួចរាល់ ហើយបទដែលគេយកទៅកាឡៃនោះ គឺផ្តល់ជូនខាងនាយកដ្ឋានរក្សាកម្មសិទ្ធបញ្ញាដោះស្រាយ ។
លោកយាយថា អ្វីដែលលោកយាយស្នើសុំទៅកាន់អ្នកចម្លងគួរបញ្ឈប់ទៅ ដើម្បីរក្សាបទជំនាន់ដើម ដល់ពេលចម្លងហើយ ប្រើពាក្យសម្តីមិនល្អស្តាប់ ទៅលើម្ចាសដើម ជាក់ស្តែងលោកយាយទទួលបានសម្តីនោះហើយ វាជារឿងឈឺចាប់ណាស់ ។ លោកយាយបន្តថា អ្វីដែលនៅពេលនេះ លោកយាយសូមផ្តល់សិទ្ធឲ្យខាងក្រសួងពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានកម្មសិទ្ធបញ្ញាដោះស្រាយក្នុងនាមជាម៉ែឪ ។

លោកយាយបានបន្ថែមទៀតថា រឿងនាយចឺម និងសាន់ដេ យកបទទៅកាឡៃ បន្តឹងគឺមានក្នុងនាមយើងជាម្ចាស់បទ ហើយមិនមែនថាអត់មានបន្តឹងនោះទេ ដោយពេលនេះត្រូវរងចាំពឹងពាក់ទៅលើក្រសួងឲ្យសម្រេចរឿងនេះ ដើម្បីផ្តល់ភាពកក់ក្តៅជូនអ្នកនិពន្ធចាស់ៗ និងបទជំនាន់ដើម ៕