ភ្នំពេញ៖ ក្រោយការចេញផ្សាយពីគេហទំព័រក្នុងស្រុកមួយពាក់ព័ន្ធនឹងអ្នកស្រីម៉ៅ ស៊ីណាត តារាចម្រៀងជើងចាស់ រូបនេះកែសម្ជស្សអាក្រក់ជាងមុន បានធ្វើឲ្យសាមីខ្លួនស្ទើរតែគាំងបេះដូង ហើយអ្នកស្រីលើកឡើងថា ព័ត៌មានបែបនេះ បានធ្វើឲ្យសិល្បករខ្លះបោះបង់ចោលវិថីសិល្បៈចោល ព្រោះតែ ព័ត៌មានមិនពិតវាយប្រហារគ្នា ។
ថ្លែងប្រាប់ OBN Asia តាមឆាតនាល្ងាចម្សិលមិញ អ្នកស្រី ម៉ៅ ស៊ីណាត ថា «សម្រាប់បង សម្រាប់ខ្លួនបងវាប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ពិសេសបងមានជំងឺបេះដូងអ៊ីចឹង វាធ្ងន់ធ្ងរសំដៅលើបេះដូងបងតែម្តង ហើយអ្នកខ្លះគាត់មានរឿងវិវាទ ហើយយើងកាន់តែវៃគាត់(ព័ត៌មានវាយប្រហារ) គាត់កាន់តែខ្លាច គាត់កាន់តែទ្រុឌទ្រោម ដែលអាចធ្វើឲ្យកើតជំងឺបាក់ ឬជំងឺផ្លូវចិត្ត» ។
តារាចម្រៀង ចាស់វស្សារូបនេះបានបន្តដោយលើកឡើងពីបញ្ហាព័ត៌មានមិនពិតបែបវាយប្រហារនេះ ដែលធ្វើឲ្យតួជាច្រើនខ្លាចរអាល លែងហ៊ានចូល វិស័យសិល្បៈ គឺមានពិតមាន ។
នៅពេលដែល OBN Asia ចោទសំនួរថាអាចបញ្ចេញឈ្មោះ អ្នកដែលបោះបង់សិល្បករទាំងនោះបានទេ ។ អ្នកស្រី ម៉ៅ ស៊ីណាត បានឆ្លើយថា អ្នកស្រី មិនអាចបញ្ចេញបានទេ គឺរក្សាសិទ្ធជូនពួកគេ ហើយបញ្ជាក់យ៉ាងខ្លីថាគឺមានពិតមាន ដោយសារតែអ្នកសារព័ត៌មាន ធ្វើបាបដោយក្នុងនោះគឺមានបងមួយហើយ ដែលកំពុងរងសម្ពោធ។
អ្នកស្រីបានបន្ថែមថា អ្នកកាសែតដែលសរសេររឿងពេញទឹកពេញដី ដែលមិនដឹងរឿងច្បាស់លាស់ វាជួបរឿងហានិភ័យច្រើនណាស់ សម្រាប់អ្នកសិល្បៈ ទាំងសង្គមគ្រួសារ សង្គមមិត្តភក្តិ ដែលបណ្តាលឲ្យឈ្លោះគ្នា ឈានដល់ការបបែកបាក់ក៏មានដែរ នេះដោយសារតែព័ត៌មាន មិនពិត ។
អ្នកស្រីក៏បានសំណូមពរ ឲ្យបញ្ចប់នូវព័ត៌មានមិនពិត លើកមកចុះតែផ្តេសផ្តាស់ ហើយត្រូវចាំថា បើចង់ឲ្យគេជឿទុកចិត្តលើសារព័ត៌មានរបស់យើង ត្រូវតែនិយាយ និងសរសេរនូវអ្វីដែលជាការពិត ៕