ហ្វាន ពីងពីង ចេញមុខបញ្ចប់រឿងមានកូនប្រុសជាមួយអ្នកដឹកនាំរឿងល្បី ហុង​ ចិនប៉ាវ

0

តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី 2 ខែមករា ឆ្នាំ 2019 នេះថា កាលពីពេលថ្មីៗកន្លងទៅ សារព័ត៌មានចិនជាច្រើន បានទម្លាយសាវតារបស់តារាសម្ដែងចិន នាង ហ្វាន ពីងពីង ដែលធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ក្រៅសិល្បៈជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះ ហុង ចិនប៉ាវ រហូតមានកូនប្រុសម្នាក់ ដែលនាងបានលាក់អាថ៌កំបាំង និងប្រកាសឱ្យដឹងថា ជាប្អូនប្រុសបង្កើតរបស់ខ្លួន ឈ្មោះ ហ្វាន ឆឹងឆឹង ។

នៅពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីរបស់ប្រទេសចិនរូបនេះ បានដាក់ពាក្យបណ្ដឹងទៅតុលាកា ប្ដឹងអ្នកកាសែតចិនមួយរូបដែលបានសរសេរ និងទម្លាយព័ត៌មានអាស្រូវនេះ ដែលមានឈ្មោះ វាំង ធានហ្វើយ ឱ្យសងជំងឺចិត្ត 6 ម៉ឺនយ័ន និងចេញមុខសុំទោសរូបនាងជាសាធារណៈផងដែរ។ ហ្វាន ពីងពីង បានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានចិនថា ហ្វាន ឆឹងឆឹង គឺជាកូនពៅរបស់ម្ដាយខ្លួន និងសឹងតែមិនរស់ទៀតផង ដោយសារតែបិះនិងរលូត​ ក៏ប៉ុន្ដែ ទម្រាំតែធំចម្រើនវ័យបានដូចសព្វថ្ងៃនេះ នាងខំធ្វើការប្រលូកចូលសិល្បៈ ដើម្បីឧបត្ថម្ភក្រុមគ្រួសារ រួមទាំងម្ដាយយ៉ាងលំបាកវេទនា។

គួរបញ្ជាក់ផងដែរថា ខណៈដែលតារាស្រី ហ្វាន ពីងពីង បានបង្ហាញសាលដីការបស់តុលាកាភ្លាមៗនៅលើបណ្ដាញសង្គម ស្រាប់តែអ្នកសារព័ត៌មានដែលជាគូក្ដី បានបង្ហោះសារសុំទោសរូបនាងនៅលើបណ្ដាញសង្គម ហើយត្រូវបានគេមើលឃើញថា បានបិទគណនីបណ្ដាញសង្គមរបស់ខ្លួនភ្លាមៗផងដែរ៕