គេហទំព័រសារព័ត៌មានកម្សាន្ដ Tvpool ដែលទើបចេញផ្សាយនៅពេលថ្មី នេះឲ្យដឹងថា កំពូលតារាចម្រៀងលូកធុង ( បទមនោសញ្ចេតនាបែបស្រុកស្រែ) អ្នកនាង តាក់កៈទែន ឈុនលៈដា ដែលជាម្ចាស់បទ «ប្រពន្ធអ្នកណា ផ្ញើទឹកនេត្រាមក » ស្រាប់តែប្រកាសនៅលើអ៊ិនស្ដាក្រាមរបស់ខ្លួនថា នាងមិនខ្វល់ចំពោះរឿងអតីតស្វាមីរបស់នាងកំពុងតែរៀបការជាមួយភរិយាថ្មោងថ្មី។
នាព្រឹកថ្ងៃទី ២៧ នេះ តារាចម្រៀងប្រុសលោក ភេត សាហារ៉ាត់ ដែលគេបានដឹង និងស្គាល់ថាជាអតីតស្វាមីរបស់ កំពូលតារាចម្រៀងស្រី តាក់កៈទែន ឈុនលៈដា បានរៀបការជាមួយភរិយាថ្មោងថ្មី ដែលធ្វើឱ្យកក្រើកអស់សារព័ត៌មានថៃ។ ដោយលោកបានបង្ហោះរូបភាពស្និលស្នាលជាមួយគូស្នេហ៍ និងក្រាបសំពះផ្ទឹម ចំពោះមុខឪពុកម្ដាយរបស់លោកផងដែរ។ ងាកមកចាប់អារម្មណ៍ពីតារាចម្រៀងស្រី តាក់កៈទែន វិញ គឺនាងបានប្រកាសថា នាងមិនខ្វល់អ្វីទាំងអស់ បើទោះជាអតីតស្វាមីខ្លួនរៀបការមុនឬក្រោយក៏ដោយ សំខាន់នាងបង្កើនប្រជាប្រិយភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង និងយកចិត្តទុកដាក់ថែរក្សាសម្ផស្សតែប៉ុណ្ណោះ ។
លោក ភេត សាហារ៉ាត់ បានបង្ហោះសារឌឺដងឱ្យតារាស្រីអតីតគូស្នេហ៍របស់ខ្លូននៅលើអ៊ិនស្ដាក្រាមថា « កុំគិតថាវាមិនមែនជារឿងសំខាន់…. ព្រោះយ៉ាងហោចណាស់ក៏ធ្លាប់ហៅថាគ្រូ …» ហើយលោកបានភ្ជាប់ជាមួយលីងវីដេអូរបស់តារាស្រី តាក់កៈទែន ឈុនលៈដាផងដែរ គឺ https://youtu.be/WPnRmOhkfkM។
បើទោះបីជាយ៉ាងនោះក្ដី តារាប្រុសជាអតីតស្វាមីរបស់នាង នៅតែឆ្លៀតប្រម៉ូដបទចម្រៀងឱ្យអតីតប្រពន្ធទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ៕