មកដឹងប្រាក់ខែពិតរបស់បវរកញ្ញា Miss Universe ទទួលបានពេញមួយឆ្នាំៗ

0

តាមរយៈសារព័ត៌មាន sanook ដែលចេញផ្សាយនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2018 នេះ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ថ្នាក់ពិភពលោកដូចជា បវរកញ្ញាចក្រវាឡ ឬ Miss Universe បានធ្វើឱ្យបេក្ខភាពមកពីបណ្ដាប្រទេសនីមួយៗទទួលបានឱកាសមាសឱកាសប្រាក់ និងបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញពេញសាកលលោក។ ងាក​មកដឹងពីរង្វាន់របស់កកម្មវិធីនេះវិញ មិនត្រឹមតែទទួលបានត្រឹមមកុដ ដ៏ភ្លឺចែងចាំងនោះទេ បវរកញ្ញាដែលជាលំដាប់ថ្នាក់ ក៏ទទួលបានប្រាក់ខែពីកម្មវិធីយ៉ាងគាប់ចិត្តផងដែរ។

បើតាមការបញ្ជាក់យ៉ាងផ្លូវការរបស់គណនីហ្វេសប៊ុក Sashes&ScriptsOfficial បានឱ្យដឹងថា បវរកញ្ញាចក្រវាឡក្រៅពីទទួលបានមកុដពេជ្រតម្លៃ 300,000 ដុល្លារសហរដ្ឋអាមេរិកហើយនោះ នាងនៅទទួលបានប្រាក់ខែ 20,000 ដុល្លារក្នុងមួយខែៗ ពេញមួយឆ្នាំ។ សម្រាប់បេក្ខភាពដែលមានសម្រស់ស្អាត និងទាក់ទាញ់លំដាប់ទី ១ បន្ទាប់ពីម្ចាស់មកុដ ទទួលបានប្រាក់ខែ 3,000 ដុល្លារក្នុងមួយខែ ហើយអ្នកលំដាប់ទី ២ ទទួលបាន 2,000 ក្នុងមួយខែ និងអ្នកបន្តបន្ទាប់ ដែលមានសំឡេងឆ្នោតគាំទ្រច្រើន ទទួលបាន 1,000 ដុល្លារក្នុងមួយខែ។

គួរបញ្ជាក់ផងដែរថា នោះគ្រាន់តែប្រាប់អំពីប្រាក់ខែដែលបវរកញ្ញាទទួលបានតែប៉ុណ្ណោះ ប៉ុន្ដែនៅមានប្រាក់រង្វាន់នៃការឈ្នះការប្រកួតពីកម្មវិធីខាងលើបន្ថែមទៀត ។ ទោះជាយ៉ាងណាក៏ដោយ បវរកញ្ញាគ្រប់រូបបានចូលប្រកួតនៅក្នុងកម្មវិធីនេះ ពិតជាទទួលបានឱកាសជាច្រើន បើមិនបានជាប់ចំណាត់ថ្នាក់ក្ដី៕