ជនដែលបានព្យាយាមលួចរូបក្រោមសំពត់តារាសម្តែងជាច្រើននាក់ ត្រូវបានតុលាការសម្រេចកាត់ទោស និងបញ្ជូនទៅកាន់មណ្ឌល កែប្រែវិបត្តិ ផ្លូវចិត្ត។
សារព័ត៌មាន Teenee ដែលចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានឱ្យដឹងថា ពីករណីដែលកំពុងតែក្ដៅគគុកនៅលើបណ្ដាញសង្គមអនឡាញន៍ គឺហេតុការណ៍របស់តារាសម្ដែងស្រី បេឡា រ៉ានី ត្រូវបានជនខិលខូចបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មានមហាជន ហើយបន្លំថតរូបភាពខាងក្រោមសំពត់របស់នាង និងត្រូវបានចាប់បានភស្ដុតាង និងរូបភាពក្នុងទូរស័ព្ទដៃនៅនឹងកន្លែងភ្លាមៗនោះ ខណៈនេះតុលាកាបានចេញសាលដីកាកាត់ទោសជនកំហូចនោះហើយ។
ក្រោយពីចាប់ខ្លួនបុរសមានឈ្មោះ ណាត់វុធ វង់វាត់ណាកនឆៃ ដែលជាជនខិលខូចក្នុងករណីខាងលើនោះ តារាសម្ដែងស្រី បេឡា រ៉ានី និងតារាស្រីល្បីនាង សាយហ្វា បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាកា ដើម្បីទាមទារសំណងផ្លូវចិត្ត។ បុរសវ័យ 40 ឆ្នាំរូបនេះ ត្រូវតុលាកាសម្រេចទោសឱ្យសងជាទឹកប្រាក់ 150,000 បាត និងនាំទៅមណ្ឌលកែប្រែវិបត្តិផ្លូវចិត្ត។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកេតុការណ៍ខាងលើនោះមក ប្រភពអ្នកសិល្បៈស្និទស្នាលជាមួយ បេឡា បានបង្ហើបថា នាងមានអារម្មណ៍កើតទុក្ខយ៉ាងខ្លាំង និងហើយភ័យខ្លាចតែថា រូបភាពនៅក្នុងទូរស័ព្ទដៃ និងត្រូវបានទម្លាយដោយប្រការណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់នាងយ៉ាងខ្លាំង។ តែយ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានឱ្យកម្លាំងចិត្តតារាស្រីរូបនេះ ឱ្យប្រឹងប្រែងធ្វើការជាជាង កើតកង្វល់ពីរឿងដ៏រសើបនេះ៕





