តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចឲ្យជ្រាបថា តារាសម្ដែងស្រី នុន វរៈនុត ត្រូវបានវិលទៅរកទ្រនំចាស់របស់ខ្លួនវិញហើយ គឺស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 7 ក្រោយពេលដែលនាងបានក្លាយជាតារាសម្ដែងឯករាជនីមួយរយៈពេល ខណៈបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍មួយនេះ។
ការស្ពាយបង្វិចវិលចូលទៅរកទ្រនំចាស់មួយនេះ មានការបញ្ជាក់ជាផ្លូវការពីអ្នកគ្រប់គ្រងតារានៅក្នុងស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ 7 តែគ្មានការបង្ហើបណាមួយថា នាងនឹងចុះកិច្ចសន្យាការងារជាថ្មីម្ដងទៀតជាមួយខាងប៉ុស្តិ៍នោះទេ។ គួរបញ្ជាក់ផងដែរថា ផលិតកម្ម CH7DRAMA SOCIETY បានប្រកាសថា ខាងផលិតកម្មកំពុងត្រៀមធ្វើការជួយតារាស្រី នុន វរៈនុត ក្នុងការថតរឿងភាគថ្មីសម្រាប់ប៉ុស្ដិ៍លេខ 7។ ការប្រកាសបែបនេះ បានធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះថា នៅគ្រាដែល នុន វរៈនុត ចាកចេញនោះ នាងហាក់បីដូចជាមានសម្ពាធខ្លាំងជាមួយខាងស្ថានីយ៍។
យ៉ាងណាមិញ អ្នកសារព័ត៌មានថៃ កំពុងព្យាយាមសុំការបំភ្លឺពីសំណាក់កំពូលតារាស្រីរូបនេះបន្ថែម ហើយគេរំពឹងទុកថា នាងនឹងមានវត្តមានធ្វើការងាររួមគ្នាជាមួយមិត្តចាស់របស់នាងគឺ អាំ ផាត់ឆារ៉ាផា ៕



