ភ្នំពេញ៖ គិតមកដល់ពេលនេះ ក្រុម HPR ដែលកើតចេញពីភាពចៃដន្យ មានអាយុកាលជាង១ខែ ដោយកំពុងលូនសន្សឹមៗក្នុងវិថីសិល្បៈ ឆ្ពោះទៅមុខ ដើម្បីសម្រេចមហិច្ឆិតារបស់ក្រុមខ្លួន ចូលរួមលើកស្ទួយវិថីសិល្បៈ ។
បើទោះបីជាក្រុមនេះមានភាពថ្មីថ្មោង ប៉ុន្តែ សមាជិកក្រុម៤នាក់នៃចម្រៀងខាងលើ កំពុងត្រៀមខ្លួនដុតដៃដុតជើង ស្វែងរកអ្វីដែលថ្មី ដើម្បីបង្ហាញ ទៅកាន់ទស្សនិកជនទូទាំងប្រទេសនាពេលឆាប់ៗខាងមុខនេះ។
សមាជិកក្រុមចម្រៀងថ្មី HPR មានគ្នាចំនួន ៤នាក់នាពេលបច្ចុប្បន្ន ដោយដើមឡើយមានគ្នាតែ ៣នាក់ប៉ុណ្ណោះ ក្នុងនោះមាន ហេងលី ជាអ្នកលេងហ្គីតា បញ្ញា ជាអ្នកច្រៀង រាជ ជាអ្នកលេង Piano (ព្យ៉ាណូ) ហើយសមាជិកថ្មីដែលចូលរួមចុងក្រោយគេគឺ ឆាន់ ។
បើតាមសមាជិកក្រុម HPR បានប្រាប់ដល់ Obn asina ថា H.P.R Band កើតចេញពីឈ្មោះពួកខ្ញុំ ដោយផ្តើមយកអក្សរដើមនៃឈ្មោះជាអក្សរឡាតាំង គឺ H ហេងលី P បញ្ញា និង R គឺ រាជ ហើយក្រុមនេះទៀតសោត បានកើតចេញជារូបរាងឡើង ដោយពេលមួយនោះគឺ ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តរតនគិរី។
និយាយពីដើមទងដំបូង គឺ ហេង លី កំពុងលេងហ្គីតាកម្សាន្តជាមួយមិត្តភក្តិ ចៃដន្យ បញ្ញា ដែលគេស្គាល់ថាជាអ្នកមានសំឡេងល្អ តែមិនមែនជាអ្នកចម្រៀងអាជីពនោះ ចាប់អារម្មណ៍នឹងថ្វីដៃលេងហ្គីតាក៏បង្ហើរសំឡេងរបស់ខ្លួនជាមួយនឹងសូរហ្គីតាបង្កើតជាចំណាប់អារម្មណ៍ពីសម្ថភាពគ្នាទៅវិញទៅមក ច្រៀងអស់ច្រើនបទក៏សួរនាំទាក់ទងគ្នាបង្កើតជាក្រុមតន្រ្តីមួយភ្លាមៗ ទាំងដែលស្គាល់គ្នាមិនដល់មួយថ្ងៃផងនោះ ។
បើតាមការបញ្ជាក់បន្តពីក្រុមចម្រៀងវ័យក្មេងខាងលើ ថា ហេង លី ជាមេក្រុម ការងារក្រៅក្រុមជាអ្នកថតរូបអាជីព បញ្ញា នៅសិក្សា រាជ ការងារក្រៅក្រុមជាបុគ្គលិកហាងមួយកន្លែង ឆាន់ ការងារក្រៅក្រុមជាអ្នកជួសជុលទូរស័ព្ទ ការងារក្នុងក្រុមគឺច្រៀង។
H.P.R Band បច្ចុប្បន្នមិនស្ថិតនៅក្នុងផលិតកម្មជាប់កុងត្រាណាមួយឡើយ ដោយជាក្រុមចម្រៀងឯករាជ្យ មានគោលបំណងធំ ទៅថ្ងៃមុខ គឺចង់បង្ហាញ ខ្លួនលើឆាកប្រគំតន្ត្រីៗធំ មានអ្នកគាំទ្ររាប់ម៉ឺននាក់ ក្រោយបានបង្ហាញវត្តមានច្រៀងលើឆាកសាមញ្ញ និងកម្មវិធីមួយចំនួន ពីរ ទៅបីលើក កន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងខាងលើ បានធ្វើបទចម្រៀងថ្មី បាន ៥ ទៅ ៦ បទទៅហើយ កំពុងត្រៀមខ្លួនបម្រើអារម្មណ៍ទស្សនិកជន វាយលុកទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ៕
ស្តាប់បទ បើអាំចសុំត្រឹមក្បែរអូន៖
ស្តាប់បទ ច័ន្ទគ្រាស៖