ភ្នំពេញ៖ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញរូបភាពប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដបំផុត ដែលលោកធ្លាប់ជួបផ្ទាល់ និងបានប្រយុទ្ធប្រឆាំងអស់រយៈពេល ២៥ថ្ងៃ ។
លោក ណុប បាយ៉ារិទ្ធ បានសរសេរសារលើហ្វេសប៊ុក មុននេះបន្តិចក្នុងន័យដើមទាំងស្រុងថា «ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន ?????? រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូវីដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល ២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel ទើបតែបានជា មានឱកាសមកធ្វើចត្តាឡីស័កបន្តរនៅក្នុងបន្ទប់ដាច់តែឯង១៤ថ្ងៃនៅម្សុិលមុិញទេ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត» ។
លោកបន្តថា «គ្រប់រូបភាពនិងអក្ការៈលំបាក ដែលខ្ញុំបានឆ្លងកាត់វានៅជាប់ នៅក្នុងការចងចាំរបស់ខ្ញុំមិនទាន់ភ្លេចទេ នឹកឃើញកាលណា គឺហាក់ដូចថ្មីៗណាស់ ខ្ញុំនៅខ្លាច នៅភ័យ នៅតែបារម្ភពីសុខភាពខ្លួនឯងជានិច្ច ។ ខ្ញុំបានហែលឆ្លងនៅអការៈ ពេលមេរោគកំពុងវាយប្រហារភ្លាមៗ ខ្ញុំអត់ដឹងថាអធិប្បាយ យ៉ាងណាអោយបងប្អូនយល់ ដោយសារពេលនោះខ្ញុំតក់ស្លុត ពេលដឹងថាខ្លួនឯងក្លាយជាអ្នកជម្ងឺកូវីត ភ័យ រាងកាយចាប់ចុះខ្សោយ ញ៊ាំបាយបានតែមួយស្លាបព្រា អការៈជម្ងឺចាប់ធ្វើទុក្ខសន្ធប់ភ្លាមៗ គេងក៍មិនលក់៥នាទីភ្ញាក់ៗ ញ៊ាំក៍មិនចូល ទឹកក៏ផឹកមិនចូល អណ្តាតភ្លាវល្វីង ក្អក ក្អួត រាគ គ្មានកម្លាំង ហត់ រហូត សន្លប់២ដង គេងក្បែរចានបង្គន់ក្នុងបន្ទប់ទឹក ។ សម្រាប់អ្នកដែលមិនជឿថែមទាំងប្រមាថ នោះហើយគឺជាហានិភ័យ ព្រោះមិនទាន់ឆ្លងកាត់ ។ ប៉ុន្តែសូមបងប្អូនពិចារណាថា តើបងប្អូនប្រាកដ្តទេ ថារាងកាយបងប្អូនគ្មានជម្ងឺប្រចាំកាយសោះ? បងប្អូនប្រាកដ្តទេថាបងប្អូនសុខភាពល្អ? បងប្អូនប្រាកដ្តទេថាបងប្អូន បានពិនិត្យសុខភាពរៀងរាល់៣ខែម្តង? ហើយបងប្អូនប្រាកដ្តទេថា បើនៅតែគ្មានការប្រុងប្រយ័ត្ន បងប្អូនអាចគេចផុតពីការឆ្លងកូវីដមកខ្លួនឯង និងគ្រួសារ? អ្នកខ្លះនៅតែយល់ថា វាមានហានិភ័យខ្ពស់តែនៅលើ មនុស្សចាស់អាយុច្រើន មានជម្ងឺប្រចាំកាយ អត់ទេបងប្អូន មេរោគបំលែងថ្មីបច្ចុប្បន្ន គ្រូពេទ្យបានប្រកាសហើយ ថាវាកាន់តែកាចសាហាវ ពិនិត្យ២ ៣ដងបានឃើញ ទម្រាំឃើញអ្នកជម្ងឺខ្លះខូចសួតបាត់ទៅហើយ រឹតតែបង្ករហានិភ័យ និងមានសង្ឃឹមតិចណាស់ក្នុងការសង្គ្រោះ ។ ពេលនេះគឺជាពេលដែលយើង គ្រប់ៗគ្នាម៉្មើងម៉ាត់ចំពោះខ្លួនឯង និង ដាក់វិន័យក្នុងគ្រួសារ អោយប្រកាន់ភ្ជាប់គោលការ៣កុំ ៣ការពារ ដាច់ខាតកុំចចេស កុំប្រមាថ មិនអាចយកជីវិតមកលេងសើចនិងកូវីដបានទេ» ។
លោកបន្ថែមថា «សំណេររបស់ខ្ញុំវែងៗបន្តិច តែខ្ញុំពិតជាបារម្ភ ពិតជាភ័យខ្លាចជួសបងប្អូន បារម្ភពីគ្រួសារខ្លួនឯងផង បារម្ភពីបងប្អូនដូចគ្នា មិនចង់ឃើញបងប្អូនណាកើតបន្ត ឬចម្លងទៅដល់គ្រួសារ ពិសេសដល់ ពូ មីង យាយតាចាស់ៗ ដែលគាត់មានជម្ងឺប្រចាំកាយស្រាប់ ឬក៍មានវ័យជរា ។ សូមបងប្អូនក្រើនរំលឹកខ្លួនឯងជានិច្ចថា ត្រូវតែប្រយុទ្ធប្រឆាំងនិងកូវីដ ត្រូវតែការពារខ្លួន និង គ្រួសារពីវាអោយបាន ?????? សូមជូនពរអោយបងប្អូនទាំងអស់ ពង្រឹងស្មារតី រឹងមាំ ការពារខ្លួនឯង និងគ្រួសារ ដាច់ខាតកុំអោយក្លាយខ្លួនជាជនរងគ្រោះដោយការឆ្លងនៅមេរោគកូវីដ១៩អោយសោះ?????? សូមជូនពរបងប្អូន ពូមីង យាយតា មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីការឆ្លងរីករាលដាលបន្តរ ពិសេសចងចាំនិងអនុវត្តន៍ដាច់ខាត គោលការណ៍៣កុំ ៣ការពារ» ។