ភ្នំពេញ៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទូទាំងបញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកបដិសេធដាច់អហង្កា ចំពោះការផ្សព្វផ្សាយតាម Facebook របស់ឈ្មោះ Tharith Bun ដែលបានយករូបភាព សពលោកវរសេនីយ៍ទោ លឹម សាយ ជាយោធាចារ្យ របស់បញ្ជាការដ្ឋានទ័ពពិសេស ដែលបានពលីជីវិតដោយឧបទ្ទវហេតុ ក្នុងការលោតឆត្រក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ មកប្រឌិតព័ត៌មានក្លែងក្លាយថា រូបភាពសពនេះ ជាអ្នកបានស្លាប់ដោយសារ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន។
បញ្ជាការដ្ឋានទ័ពពិសេស ចាត់ទុកការប្រឌិតព័ត៌មាននេះ ធ្វើឱ្យមានការភ័ន្តច្រឡំ និងបង្កឱ្យមានភាពវឹកវរចលាចល ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កំពុងយកចិត្តទុកដាក់ពន្លឿនការចាក់វ៉ាក់សាំង ជាទ្រង់ទ្រាយធំ ដើម្បីបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ឱ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
បញ្ជាការដ្ឋានទ័ពពិសេស បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាសូមបញ្ជាក់ថា យោធិនទាំងអស់នៅក្នុងអង្គភាពរបស់យើងខ្ញុំ បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ (SINOPHARM) ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ដូសទី១ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដូសទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ គ្រប់ចំនួន ០២ដូសរួចរាល់ ចំពោះក្រុមគ្រួសារបានចាក់ដូសទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ និងត្រូវចាក់លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ ហើយពុំមានអ្នកណាម្នាក់ស្លាប់ ឬមានគ្រោះថ្នាក់ដោយសារការចាក់វ៉ាក់សាំងនេះឡើយ»។
ជាមួយគ្នានេះ នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារបញ្ជាការដ្ឋានទ័ពពិសេស សូមប្ដឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកពត៌មានវិទ្យា វែកមុខរកចាប់ខ្លួនម្ចាស់គណនី Facebook នេះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន៕