ថ្ងៃស្អែកតារាកំប្លែងជើងចាស់ នាយក្រឹម ទៅចាក់វ៉ាក់សាំងការពារកូវីដ១៩

0

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំកម្ពុជា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានប្រកាសថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ លោកនឹងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិន ។

តារាកំប្លែងនាយក្រឹម បានសរសេរយ៉ាងខ្លីលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះថា «ស្អែកទៅចាក់វ៉ាក់សាំង ​Sinopharm ហើយ» ។

កាលពីកន្លងទៅថ្មីៗនេះ លោកក៏ធ្លាប់បានលើកឡើងថា «វ៉ាក់សាំង ​Sinopharm ​របស់​ចិនមានគុណភាព និងប្រសិទ្ធិភាពខ្ពស់ អាចជឿទុកចិត្តបាន។ ទោះ​បី​ជាខ្ញុំមានអាយុ ៦០ក៏ដោយ ក៏ខ្ញុំនៅតែបន្តស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង Sinopharm ក្នុងពេលឆាប់ៗនេះ។ សូមបងប្អូនទាំងអស់គ្នា ចូលរួមបង្ការនិងកាពារ មេរោគកូវីដ១៩​ នេះ។ អរគុណ​ សន្តិភាព!» ។

នាយក្រឹម ក៏បានបញ្ជាក់កាលពីកន្លងទៅដែរថា «បន្ទាប់ពីបានដេកគិតពីរយប់មក ខ្ញុំនៅតែបន្តស្ម័គ្រចិត្តចាក់វ៉ាក់សាំង ​Sinopharm ​របស់​ចិន។ វ៉ាក់សាំង ​Sinopharm ​របស់​ចិនអាចជឿទុកចិត្តបាន» ។

សូមរំលឹកថា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តចិន ជូនប្រជាពលរដ្ឋ ២.១២២នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៦៩៨នាក់ ៕