ភ្នំពេញ៖ វាមិនមែនជាលើកដំបូង តែវាជាថ្ងៃដំបូង នៃឆ្នាំ ២០២១ ពិធីករពូកែវោហារស័ព្ទ មិនចេះរីងស្ងួតប្រចាំប៉ុស្តិ៍ ទូរទស្សន៍ហង្សមាស គឺលោក សុខ រ៉ាស៊ី កំពុងបើកបរឆ្ពោះទៅហាងរបស់លោក បានជួបគ្រោះថ្នាក់មួយ ដោយសសៃដែក មួយកំណាត់ ធ្លាក់ពីលើការដ្ឋានកំពុងសាងសង់ ត្រូវចំរថយន្តស៊េរីទំនើបរបស់លោកតែម្តង ប៉ុន្តែសំណាងល្អមិនរងរបួស ដល់ លោកនោះទេ គ្រាន់តែរថយន្តទំនើបរងការខូចខាតគួរសម ។
ហេតុការណ៍ដែកសរសៃបានធ្លាក់ពីលើអគារកំពុងសាងសង់នេះ ស្ថិតតាមបណ្ដោយផ្លូវ ៩៥ សង្កាត់បឹងកេងកង ៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ៤០ នាទី រសៀល ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ នេះ ។
ពិធីករ សុខ រ៉ាស៊ី បានឲ្យដឹងយ៉ាងខ្លីថា សំណាងហើយដែលលោកជិះក្នុងរថយន្ត ធ្លាក់ត្រូវចំរថយន្ត រងការខូចខាត បើសិនជាធ្លាក់ត្រូវអ្នកជិះម៉ូតូវិញ មិនដឹងមានគ្រោះថ្នាក់យ៉ាងណានោះទេ ដូច្នេះលោកសំណូមពរដល់ម្ចាស់ការដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងអំពាវនាវឲ្យអាជ្ញាធរជួយពិនិត្យមើលឡើងវិញផង ចំពោះដំណើរការសាងសង់ ត្រូវមានសុវត្ថិភាព ត្រឹមត្រូវ និងតាមបច្ចេកទេស ព្រោះនៅម្តុំនោះ មានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន ។
ទោះជាយ៉ាងណា គេឃើញភាគីខាងការដ្ឋានសំណង់ កំពុងធ្វើការចរចារជាមួយពិធីករល្បីឈ្មោះ គឺលោក សុខ រ៉ាស៊ី ដើម្បីបញ្ចប់រឿងផងដែរ ៕






