ភ្នំពេញ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់AK,47 ចំនួន១,៤០២គ្រាប់ ប្រជាពលរដ្ឋ កាយដីដំបូកស្រែប្រទះឃើញ បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។នេះបើយោងតាមអធិការដ្ឋាន នគរបាល ស្រុកថ្មពួក។
លោកវរសេនីយ៍ទោ ឈឿងន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាមានប្រជាពលរដ្ឋ ឈ្មោះ ជុំ ជឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលគ្រឿងចក្រយកមក កាយដំបូកស្រែ ចំងាយប្រមាណ១,៥០០ម៉ែត្រ ស្រាប់តែបានប្រទះឃើញគ្រាប់AK,47 ចំនួន១,៤០២គ្រាប់ នៅមានគុណភាពដែល បានកប់នាសម័យ សង្រ្គាម។
លោកអធិការ បានបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះជុំ ជឿន ក៏បានប្រគល់គ្រាប់ទាំងនោះ មកឲ្យកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីរក្សាទុកបញ្ចៀស ការគ្រោះថ្នាក់ជាយថាហេតុ និងរងចាំប្រគល់ឲ្យអង្គភាព ស៊ីម៉ាក់យកទៅកំទេច ចោលផងដែរ ៕