ឯកអគ្គរាជទូតជប៉ុន៖ ឆ្នាំ២០២៤ ខាងមុខ រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមគម្រោងកម្ចីឥណទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា

0

ភ្នំពេញ៖​ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នាឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាភិបាលជប៉ុននឹងត្រូវចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងកម្ចីឥណទាន ការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។ ការលើកឡើងនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសម្តែងអំណរគុណដល់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។ទន្ទឹមនេះ ជប៉ុន ផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាច្រើនតាំងពីដំណាក់កាលលំបាករហូតមកដល់បច្ចុប្បន្ន ដែលកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងរស់នៅក្រោមម្លប់សន្តិភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា កម្ពុជានិងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យអាទិភាពជាច្រើនដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងផ្តល់ជូននូវសម្ភារបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។


ឯកឧត្តម UENO Atsushi បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរាជទូតទទួលស្គាល់ថា ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាពក៏ដោយ ក៏រដ្ឋាភិបាលជប៉ុននៅតែយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និង រាជដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាទោះជាក្នុងអំឡុងពេលកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា ផ្តល់រថយន្តគិលានសង្គ្រោះ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាលជាដើម។ នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេគាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុនជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា