ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាច ក្រកម្ពុជាបានស្នើភាគីថៃជួយធ្វើកំណែទម្រង់បច្ចេកវិទ្យាឌីជីចលនៅកម្ពុជាដើម្បីឱ្យក្លាយជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើរបស់ប្រធានរដ្ឋសភានេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវា ងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភា ប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគំាទ្រដល់ រដ្ឋសភាកម្ពុជា ក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រុំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិត ខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ “ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព”។



ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ថា កម្ពុជាជាប្រទេស ទី១ ដែល ឯកឧត្តម បានជ្រើសរើសមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានក្តីរំភើប និងរីករាយជាខ្លាំង ដែលសមភាគីកម្ពុជាបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល ឯកឧត្តម បានពិភាក្សានិងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែក សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំ ដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង ឯកឧត្ដមនាយករដ្ឋមន្រ្ដី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះ ថាជាជំនួបដែលបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើ ងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ ជាមួយគ្នានោះដែររដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ ឯកឧត្តម នាយករដ្ឋមន្រ្តី បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។ ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈ ងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា