«ក្រុងភ្នំពេញ»៖ នៅព្រឹក ថ្ងៃ សុក្រ៩រោចខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់ខ្មែរ បានអញ្ជើញជាធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបវាយតម្លៃលផលការងារដែរសម្រេចបានរបស់ សហព័ន្ធ ប្រដាល់គុនខ្មែរក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃសកម្មភាពការងារ លើ ចំណុចខ្លាំង ខ្សោយ បទពិសោធន៍ ចំណុចប្រឈម វិធានការ ដោះស្រាយនិង ទិសដៅផែនការអនុវត្តន៍ ត្រីមាសបន្ត។
អ្វីដែលគេផ្តោតសំខាន់ជាងនេះទៅទៀត គេក៏ឃើញអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ហេង សុខឃន បានផ្តល់នូវសម្ភារៈប្រដាល់មួយចំនួនដល់ក្លិប ចំនួន ៩ ដើម្បីយកទៅបង្វឹកដល់សិស្ស រៀងខ្លួនៗ ។ សម្ភារៈ ដែលក្លិបនីមួយៗទទួលបាន គឺមាន ហ្គង ស៊ីប និងថវិកាចំនួន ៤០ម៉ឺនរៀល ។
លោក ហេង សុខឃនអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានលើកឡើងថា លោកនឹងព្យាយាមបន្តជួយដល់ក្លិបផ្សេងៗទៀតមិនទាន់បាន ហើយសូមចិត្តដល់ក្លិបមិនទាន់បានកុំអន់ចិត្ត លោកនឹងព្យាយាមជួយក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកបន្តថា សម្រាប់ក្លិបដែលទទួលបានសម្ភារៈ ហ្វឹកហាត់ដល់សិស្សហើយ សូមយកទៅហ្វឹកហាត់ដល់សិស្សឲ្យបានល្អ ដើម្បីប្រដាល់គុនខ្មែរទាំងមូល ។
លោកអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានលើកឡើងបន្តថា អ្វីដែលខាងសហព័ន្ធចង់បានគឺសុំឲ្យក្លិបទាំងអស់កុំរអ៊ូកុំរទាំ ត្រូវបង្រឹងកីឡាករប្រដាល់ឡើងវិញ ។
ជាមួយសកម្មភាពដ៏ល្អនេះ អ្នកតាមដានសង្គមប្រដាល់គុនខ្មែរមួយចំនួនក៏បានលើកឡើងថា បើសិនជាមានធនធានមនុស្ស ថ្នាក់លើដូចលោក ហេង សុខឃន ប្រដាល់គុនខ្មែរមិនដឹងជាល្អយ៉ាងណានោះទេ ដែលចេះដឹងសុខទុក្ខសម្រាប់ក្លិបក្រោមឱវាទ ហើយសង្ឈឹមថានឹងមានទិដ្ឋភាពបែបនេះ រហូតសម្រាប់ប្រដាល់គុនខ្មែរ ដើម្បីឲ្យម្ចាស់ក្លិបនិងកីឡាករមានទឹកចិត្តទាញយកប្រយោជន៍រួមមួយនោះគឺកេរ្តិ៍ឈ្មោះប្រដាល់គុនខ្មែរ៕