ភ្នំពេញ៖ នេះមិនមែនជាលើកទី១ នោះទេដែលលោក ចាន់ មករា និងដេននី ក្វាន់ បានចូលរួមចំណែកជួយដល់អ្នកប្រដាល់ គុនខ្មែរ ដែលកំពុងខ្វះខាត ជាពិសេសលោក វ៉ោយ សុធន់ អតីតអ្នកប្រដាល់ជំនាន់ឆ្នាំ ១៩៩៧ ដែលមានបន្ទុកបង្ហាត់សិស្សរហូតដល់ទៅ ១២នាក់ ប៉ុន្តែ ខ្វះនូវឧបករណ៍ហាត់ ។
សិស្ស១២នាក់មាន តែហ្គង់ ហាត់១គូ បានធ្វើឲ្យលោក ចាន់ មករា និង ដេននី ក្វាន់ មានចិត្តអាណិតអាសូរពន់ពេក ក៏បានផ្តល់ជាថវិកាផ្ទាល់ខ្លួន មួយចំនួន សម្រួលដល់ការទិញសម្ភារៈ ហ្វឹកហាត់ជូនសិស្សលោកចំនួន១២នាក់ ដែលកំពុងដង្ហើយរងចាំឧបករណ៍ថ្មី យកទៅហ្វឹកហាត់ ស្នងនូវមរតក គុនខ្មែរ ។
បើតាមសម្តីលោក ចាន់ មករា បានលើកឡើងថា លោកពិតជាអាណិតអាសូរឃើញអតីតអ្នកប្រដាល់ជើងខ្លាំងឆ្នាំ១៩៩៧ កង្វះខាតយ៉ាងដូច្នោះ ខណៈដែលឃើញគាត់ចង់បណ្តុះបណ្តាលថ្នាលកីឡាករគុនខ្មែរ នឹងចូលរួមលើកស្ទួយវិស័យគុនខ្មែរ ឲ្យកាន់តែល្បីរន្ទឺឡើងវិញ ក្នុងនាមជាប្រភពនៃក្បាច់គុន ដែលបន្សល់ពីដូនតារាប់រយឆ្នាំ ។
លោកបន្តថា លោកមិនមែនជាសេដ្ឋីនោះទេ ប៉ុន្តែក្នុងនាមជាខ្មែរ ក្រោមដំបូលមេឃតែមួយ លោកមិនអាចឱបដៃឈរមើលបាននោះទេ ទោះច្រើនក្តី តិចក្តី លោកនឹងបន្តជួយដល់កីឡាករប្រដាល់ដែលកំពុងខ្វះខាត ជាពិសេសដូចលោក វ៉ោយ សុធន់ អ៊ីចឹង ។
ជាមួយគ្នានោះដែរ លោក វ៉ោយ សុធន់ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចាន់ មករា ដែលបានផ្តល់ថវិកា ជួយសម្រួលក្នុងការទិញ នូវសម្ភារៈហ្វឹកហាត់ ជូនដល់សិស្សលោកដែលកំពុងស្រែកឃ្លាននូវការហាត់ នឹងប្តេជ្ញាចិត្តឲ្យសិស្សលោក មានឈ្មោះក្នុងពេលឆាប់ៗខាងមុ លើសង្វៀនប្រដាល់គុនខ្មែរ ៕