បាតុកម្មប្រឆាំងរដ្ឋាភិបាលលីបង់ កាន់តែកក្រើកខ្លាំង ក្រោយហេតុការណ៍ផ្ទុះ ដ៏រន្ធត់បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ (Video)

0

ភ្នំពេញ៖ ក្រុមបាតុករបាននិងកំពុងនាំគ្នា ធ្វើបាតុកម្មតវ៉ាយ៉ាងខ្លាំងក្លា ប្រឆាំងរដ្ឋាភិបាលលីបង់ ក្រោយពីហេតុការណ៍ផ្ទុះដ៏កក្រើកមួយ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ព្រមទាំងបង្កឲ្យមានការខូតខាតយ៉ាងដំណំ នៅផ្នែកខ្លះនៃរដ្ឋធានីបេរូត ស្របពេលវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសមួយនេះ មានសភាពកាន់តែធ្ងន់ធ្ងរ។

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា
បាតុកម្មតវ៉ា ដែលបានផ្ទុះឡើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានចំនួនអ្នកចូលរួមតិចតួច ប៉ុន្តែអំពើហិង្សាបាន ផ្ទុះឡើងគួរឱ្យព្រួយបារម្ភ ដោយក្រុមបាតុករខ្លះបានសម្រុក ចូលក្នុងអគារសភា ស្ថិតនៅកណ្ដាលរដ្ឋធានីបេរូត។ ចំណែកក្រុមប៉ូលិសបង្រ្កាបកុបកម្ម ក៏ត្រូវបានដាក់ពង្រាយផងដែរ បន្ទាប់ពីក្រុមបាតុករមួយចំនួន ដុតបំផ្លាញ និងគប់ដុំថ្មលើអាជ្ញាធរដែល បានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកម្លាំងបាយបំបែកហ្វូងបាតុករ។ តែទន្ទឹមគ្នា មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬត្រូវបានចាប់ខ្លួននៅឡើយទេ។

កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលក្រុងបេរូត លោក Marwan Abboud បានប៉ាន់ប្រមាណថា ការផ្ទុះនេះបានធ្វើឲ្យលីបង់ខាតបង់ប្រាក់ពី ៣ទៅ ៥ពាន់លានដុល្លារ ចំពេលដែល ប្រទេសទាំងមូលកំពុងតែ ស្ថិតក្នុងវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើង COVID-19។ បច្ចុប្បន្ននេះប្រទេសលីបង់ កំពុងជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានអូសបន្លាយជាច្រើនខែមកហើយ។ ចំណែកឯ សហព័ន្ធការងារលីបង់ ក៏បានវាយតម្លៃដែរថា ប្រជាជនលីបង់ចំនួន ១៥០,០០០នាក់ បានបាត់បង់ការងារក្នុង ឆ្នាំ២០២០នេះ ហើយសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះយ៉ាងគំហុក ស្របពេលអន្តរជាតិអំពាវនាវ ឱ្យរដ្ឋាភិបាលលីបង់ ធ្វើកំណែទម្រង់ជាបន្ទាន់។

គួរជម្រាបថា អាជ្ញាធរលីបង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានឃាត់ខ្លួនមនុស្ស ១៦នាក់ នៅក្នុងការស៊ើបអង្កេតពាក់ព័ន្ធ ការផ្ទុះឃ្លាំងស្ដុកគីមីដ៏ប្រល័យ នៅឯកំពង់ផែមួយកន្លែង ក្នុងរដ្ឋធានីបេរូត (Beirut) ហើយនៅក្នុងចំណោមអ្នកទាំងនេះ ក៏មានអ្នកចាត់ការទូទៅ កំពង់ផែម្នាក់ផងដែរ។ ឧបទ្ទវហេតុផ្ទុះកាលពីថ្ងៃអង្គារ ត្រូវបានរដ្ឋាភិបាលលីបង់ប្រកាសថា បង្កឡើងដោយការឆេះ និងផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammoniumnitrate)រហូតដល់ទៅ ២,៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុង ឃ្លាំងមួយនៃតំបន់កំពង់ផែ រដ្ឋធានីបេរូត អស់រយៈពេល ៦ឆ្នាំមកហើយ។ មកទល់នឹងពេលនេះ មនុស្សយ៉ាងហោច ១៤៥នាក់បានស្លាប់ និង ៥,០០០នាក់ រងរបួសខណៈមនុស្សជាង ៣០០,០០០នាក់ គ្មានផ្ទះសម្បែងស្នាក់នៅ ៕