លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើ ដាំឫស្សីផ្អែមពីព្រោះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និងកូនទៀតផង។
នាព្រឹកថ្ងៃអាទិត្យទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
លោក លី វិន បានជម្រាបជូនលោករដ្ឋមន្ត្រីជ្រាបថា លោកបានដាំឫស្សីនេះនៅឆ្នាំ២០១៥ លើផ្ទៃដីទំហំ បច្ចុប្បន្នកើនឡើងចំនួន ៣ ហត នឹងគ្រោងពង្រីកបន្ថែមនាពេលអនាគត។ អាជីវកម្មដែលកំពុងធ្វើការដាំដុះដំណាំឫស្សីនេះគឺ៖ បណ្តុះកូនឫស្សីនិងជីកទំពាំងលក់ និងលក់ដើមប្ញស្សី ។ តាមការបញ្ជាក់ របស់ លោក លី រិន បានឲ្យដឹងថា ចំពោះកូនឫស្សី ១ដើម/៣០០០រៀល ទំពាំង ១kg/២៥០០រៀល ឫស្សី ១ដើម/៣០០០រៀល) ហើយរៀងរាល់ ៥ថ្ងៃប្រមូលទំពាំងម្តង ជាមធ្យមក្នុងមួយលើកប្រមូលទំពាំងបាន ១ ៤០០kg/ហត។ សរុបកាលពីឆ្នាំ២០១៩ គាត់ប្រមូលចំណូលបានជាង ៩ ០០០ដុល្លារ។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានសួរនាំលោក លី វិន អំពីទីផ្សារ លទ្ធភាពធ្វើការកែច្នៃនៅពេលរដូវចុះថោក ពង្រីកផ្ទៃដីដាំបន្ថែម ជួយណែនាំ និងចែករំលែកអំពីបច្ចេកទេស និងបទពិសោធន៍ដល់អ្នកចង់ដាំឫស្សីផ្អែមនេះ។ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះពីព្រោះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និងកូនទៀតផង បើយើងដាំបានផលឫស្សីនេះនឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃ ឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និងអនុផលព្រៃឈើទាំងស្រុងនោះទេ៕