ដូណាល់ ត្រាំ ថាអាចនឹងជជែកជាមួយ ពូទីន ក្នុងសប្ដាហ៍នេះ

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជជែកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែន បានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែននឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។

នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍នេះឬ? លោក ត្រាំ បានឆ្លើយថា “ពិតណាស់ខ្ញុំគិតដូច្នេះ”។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ហ្សេលេនស្គី នឹងត្រឡប់មកកាន់សេតវិមានជាថ្មីវិញឬ? ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយថា ប្រាកដណាស់ លោក ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញ ហើយនៅពេលត្រូវបានសួរពីលទ្ធភាពនៃបទឈប់បាញ់ទាំងស្រុងមួយនៅអ៊ុយក្រែន លោក ត្រាំ បានគូសបញ្ជាក់ថា “ពិតណាស់ ខ្ញុំសង្ឃឹមថាវានឹងសម្រេចបាននៅពេលខាងមុខនេះ ហើយខ្ញុំពិតជាចង់ឃើញ”។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងក្រោយពីក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលសហរដ្ឋអាមេរិកបានយល់ព្រមចាប់ផ្ដើម ការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឡើងវិញជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែនបាននិយាយថានឹងយល់ព្រមទទួលយកសំណើបទឈប់បាញ់ដែលមានរយៈពេល ៣០ថ្ងៃ៕