អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូវ ចៀគុន (Guo Jiakun) បាននិយាយថា ប្រទេសចិនរីករាយដែលបានឃើញកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបង្កើតសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការចរចាររវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «ប្រទេសចិនមានសេចក្តីរីករាយដែលឃើញកិច្ចខិតខំប្រឹងប្រែងណាមួយក្នុងគោលបំណងបង្កើតសន្តិភាពនៅអ៊ុយក្រែន រួមទាំងកិច្ចចរចាសន្តិភាពដែលបានព្រមព្រៀងដោយប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក»។
អ្នកការទូតក៏សង្ឃឹមថា គ្រប់ភាគីដែលចាប់អារម្មណ៍ផ្សេងទៀតក៏នឹងអាចចូលរួមក្នុងការចរចាបានទាន់ពេលវេលាផងដែរ។ ការចរចារវាងគណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
ប្រទេសរុស្ស៊ីត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេស លោក សើហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ជំនួយការប្រធានាធិបតី លោក យូរី យូសាកូវ (Yuriy Ushakov) និងប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី លោក គីរីល ឌីមីទ្រីអេវ (Kirill Dmitriev) ។
គណៈប្រតិភូសហរដ្ឋអាមេរិក រួមមានរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វ៉ាល់ហ្ស៍ (Mike Waltz) និងបេសកជនពិសេសសប្រចាំតំបន់មជ្ឈិមបូព៌ា លោក ស្តេហ្វេន វីតកោហ្វ (Stephen Witkoff) ។
លោក ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា លោកប្រធានាធិបតីបានយល់ស្របថា នេះជារឿងចាំបាច់ក្នុងការបន្តការសន្ទនាលើបញ្ហាទាំងអស់ដែលអាចដោះស្រាយបានដោយមានការចូលរួមពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក៏ដូចជាដំណោះស្រាយរបស់អ៊ុយក្រែន៕