អាជ្ញាធរសុខាភិបាលជាតិរបស់សហភាពអឺរ៉ុបចំនួន ៦ស្ថាប័នបានអំពាវនាវឱ្យបង្កើនការចូលរួមរបស់សហភាពអឺរ៉ុបជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញពីសហរដ្ឋអាមេរិកដែលមានសក្តានុពល។
ប្រធានវិទ្យាស្ថានហ្វាំងឡង់សម្រាប់សុខភាព និងសុខុមាលភាព (THL) និងស្ថាប័នសុខភាពជាតិចំនួន ៥ស្ថាប័នផ្សេងទៀតរបស់សហភាពអឺរ៉ុបបានបោះពុម្ពលិខិតដោយចំហមួយនៅក្នុងទស្សនាវដ្តី Lancet ដែលបានលើកឡើងពីបញ្ហាប្រឈមបណ្តាលមកពីការចាកចេញរបស់សហរដ្ឋអាមេរិក។
លិខិតនោះបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបត្រូវតែឆាប់ទទួលតួនាទីធំជាងនេះក្នុងអង្គការ WHO។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយវិទ្យាស្ថាន THL បានឱ្យដឹងថា លិខិតនោះបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបមិនត្រឹមតែបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ពួកគេដល់អង្គការសុខភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូនអ្នកជំនាញបន្ថែមទៀតទៅកាន់អង្គការផងដែរ។
ការអំពាវនាវនេះត្រូវបានចុះហត្ថលេខាដោយស្ថាប័នសុខភាពជាតិនៃប្រទេសន័រវេស ដាណឺម៉ាក បារាំង អូទ្រីស និងព័រទុយហ្គាល់។ សហរដ្ឋអាមេរិកគឺជាអ្នករួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់អង្គការ WHO និងផ្គត់ផ្គង់អ្នកជំនាញរាប់រយនាក់ដល់អង្គការនេះ។
លិខិតនោះបានព្រមានថា ការពឹងផ្អែកខ្លាំងរបស់អង្គការ WHO លើសហរដ្ឋអាមេរិក បានបង្កហានិភ័យយ៉ាងសំខាន់ដែលជាក្តីបារម្ភដែលឥឡូវនេះកំពុងក្លាយជាការពិត។ អង្គការ WHO ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងវិបត្តិសុខភាពដែលទាក់ទងនឹងជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោក។
អង្គការនេះក៏អនុវត្តន៍បានគំនិតផ្តួចផ្តើមផ្នែកសុខភាពសាធារណៈសំខាន់ៗនៅក្នុងប្រទេសដែលមិនសូវមានការអភិវឌ្ឍ ដូចជាកម្មវិធីសុខភាពមាតា និងការចាក់វ៉ាក់សាំងកុមារ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅចុងខែមករាថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការ WHO នៅដើមឆ្នាំ២០២៦៕