បរទេស៖ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចំនួន ២បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីបញ្ចប់ការដាក់ពង្រាយផ្កាយរណបចំនួន ៥របស់ខ្លួន ហើយបង្កើនការឃ្លាំមើលពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងបានគូសបញ្ជាក់ថា ផែនការនេះ គឺជាផ្នែកមួយនៃគោលដៅគោលនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មទី៣ របស់ខ្លួនដោយជោគជ័យកាលពីខែមុន ដែលជាផ្នែកមួយនៃកម្មវិធីដាក់ផ្កាយរណបយោធាចំនួន ៥ទៅកាន់គន្លងតារាវិថីនៅឆ្នាំនេះ។
ប្រទេសកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៣ និងផ្កាយរណបទី២ កាលពីខែមេសា។ នៅពេលដែលផ្កាយរណបទាំង ៥ត្រូវបានដាក់ក្នុងគន្លងគោចរ ប្រទេសនេះត្រូវបានគេរំពឹងថានឹងអាចត្រួតពិនិត្យប្រទេសកូរ៉េខាងជើងរៀងរាល់២ម៉ោងម្តង។
ក្រសួងបាននិយាយថា ខ្លួនក៏ស្វែងរកការទប់ទល់នឹងការគម្រាមកំហែងពីមីស៊ីលកូរ៉េខាងជើងឱ្យកាន់តែប្រសើរឡើង ដោយចាប់ផ្តើមការផលិតដ៏ធំនៃប្រព័ន្ធមីស៊ីល Surface-to-Air Missile (L-SAM) នៅត្រីមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ការអភិវឌ្ឍរបស់ខ្លួនកាលពីឆ្នាំមុន។
ប្រព័ន្ធមីស៊ីល L-SAM ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់គោលដៅពីលើអាកាសដែលចូលមកក្នុងរយៈកម្ពស់ពី ៥០-៦០គីឡូម៉ែត្រ ដើម្បីបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីលប្រទេសកូរ៉េខាងត្បូង ដែលមានប្រព័ន្ធមីស៊ីល M-SAM និងប្រព័ន្ធមីស៊ីល Patriot Advanced Capability-3 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕