បរទេស៖ ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់គោលដៅរោងចក្រថាមពលមួយនៅក្នុងកំពង់ផែ Eilat ភាគខាងត្បូងរបស់អ៊ីស្រាអែល ដោយប្រើប្រាស់ «មីស៊ីលមានស្លាប»។
អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក យ៉ាហ៍យ៉ា សារៀ (Yahya Sarea) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah TV ថា «ការវាយប្រហារបានសម្រេចគោលដៅរបស់ខ្លួនដោយជោគជ័យ»។ ដូចគ្នានេះផងដែរ លោក សារៀ បាននិយាយថា ក្រុមរបស់លោកបានធ្វើការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងអ៊ីស្រាអែលដោយកំណត់គោលដៅសំខាន់ៗនៅក្នុងទីក្រុងតេល អាវីវ ជាមួយនឹងយន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកជាច្រើន។
លោកបានប្តេជ្ញាថា ការវាយប្រហាររបស់ក្រុមលោកប្រឆាំងនឹងអ៊ីស្រាអែល «នឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ីស្រាអែលឈប់ធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សា និងលើកលែងការឡោមព័ទ្ធរបស់ខ្លួន»។
ការវាយប្រហារប្រឆាំងនឹងស្ថានីយ៍ថាមពលនៅកំពង់ផែ Eilat និងគោលដៅនានាក្នុងទីក្រុងតេល អាវីវ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមហ៊ូធីបានទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ុក្កែតប្រឆាំងនឹងក្រសួងការពារជាតិអ៊ីស្រាអែល។ នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ូធីត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ូធីបាននឹងកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល និងរំខានដល់ការដឹកជញ្ជូនទំនិញដែល «តភ្ជាប់ជាមួយអ៊ីស្រាអែល» នៅសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល៕