ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសក្រូអាតបានចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹក កាលពីថ្ងៃអាទិត្យដោយមានអ្នកបោះឆ្នោតដែលមានសិទ្ធិជាង ៣,៧លាននាក់នៅទូទាំងប្រទេសដើម្បីជ្រើសរើសរវាងប្រធានាធិបតីដែលកំពុងកាន់អំណាច ហ្សូរ៉ាន់ មីឡាណូវីក (Zoran Milanovic) និងគូប្រជែងគឺលោក ដ្រាហ្គាន់ ព្រីម៉ូរ៉ាក់ (Dragan Primorac) ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់រដ្ឋបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតជុំទីមួយបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងចំណោមបេក្ខជនទាំង ៨នាក់ គឺលោក មីឡានណូវីក គាំទ្រដោយគណបក្សប្រឆាំងដ៏ធំបំផុតគឺ គណបក្សសង្គមប្រជាធិបតេយ្យ និងលោក ព្រីម៉ូរ៉ាក់ គាំទ្រដោយសហភាពប្រជាធិបតេយ្យក្រូអាតដែលកំពុងកាន់អំណាច ជាប់ចំណាត់ថ្នាក់ទី១ និងទី២ ជាមួយនឹងសំឡេង ៤៩,០៩% និង១៩,៣៥% រៀងៗខ្លួន។
យោងតាមច្បាប់របស់ក្រូអាត ប្រសិនបើគ្មាននរណាម្នាក់ទទួលបានសំឡេងច្រើនជាងពាក់កណ្តាលនៅក្នុងជុំទីមួយទេ បេក្ខជននាំមុខគេទាំងពីរនឹងត្រូវចុះឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលធ្វើឡើងនៅពីរសប្តាហ៍ក្រោយ។ លោក មីឡានណូវីក ដែលបានខកខានការទទួលជ័យជម្នះដាច់ខាតក្នុងជុំទីមួយបានឈានចូលជុំទីពីរដោយមានប្រៀបយ៉ាងខ្លាំងលើលោក ព្រីម៉ូរ៉ាក់។
យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយបង្អស់ដែលចេញផ្សាយមុនការប្រកួតប្រជែង អត្រានៃការគាំទ្ររបស់ លោក មីឡានណូវីក គឺ៦២,៥% ខណៈដែលលោក ព្រីម៉ូរ៉ាក់ មាន២៧,៨%។ ប្រធានាធិបតីក្រូអាតមានអាណត្តិ៥ឆ្នាំ ហើយអាចជាប់ឆ្នោតម្តងទៀត៕