ក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

0

បរទេស៖ កាលពី​ថ្ងៃ​ពុធ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​តំបន់ Puntland ភាគ​ឦសាន​នៃ​ប្រទេស​សូ​ម៉ា​លី​កាលពី​ថ្ងៃ​អង្គារ ដែល​ក្រុម​នេះ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់​ខ្លួន​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ១២​នាក់ និង​រថយន្ត​បង្កប់​គ្រឿងផ្ទុះ​០២​គ្រឿង ដោយ​បន្ថែម​ថា បាន​សម្លាប់​បុគ្គលិក​យោធា​ប្រហែល ២២​នាក់​របស់​កងកម្លាំង​តំបន់ Puntland និង​បង្ក​របួស​ដល់​រាប់​សិប​នាក់​ផ្សេង​ទៀត​។

ដោយឡែក​អាជ្ញាធរ​សូ​ម៉ា​លី​មិន​អាច​ទាក់ទង​ភ្លាម​ៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។ កាលពី​ថ្ងៃ​អង្គារ កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​សូ​ម៉ា​លី​បាន​និយាយ​ថា ពួក​គេ​បាន​ទប់​ទ​ប​ល់​នឹង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្រុម​រដ្ឋ​ឥ​ស្លា​ម​នៅ​លើ​មូលដ្ឋាន​យោធា​តំបន់ Puntland នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ និង​មន្ត្រី​យោធា​ម្នាក់​។

លោក​អនុសេនីយ៍ត្រី Yusuf Mohamed បម្រើ​ការងារ​នៅ​ក្នុង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​តំបន់ Puntland បាន​ប្រាប់ សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន ០៩​នាក់​ត្រូវ​បាន​សម្លាប់ និង​ទាហាន​ជា​ច្រើន​នាក់​បាន​រង​របួស​នៅ​ជិត​ទីប្រជុំជន Dharjaale ក្នុង​តំបន់ Bari​៕