បរទេស៖ តម្លៃហាងឆេងមាសពិភពលោកបានចុះតម្លៃភ្លាមៗ កាលពីថ្ងៃទី៦វិច្ចិកាក្នុងថ្ងៃលទ្ធផលសំឡេងលោកត្រាំនាំមុខគូប្រកួត។ អ្នកជំនាញទីផ្សារមាសបានអោយដឹង មួយថ្ងៃក្រោយ លោក ដូណាល់ ត្រាំ ឈ្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ បានជះឥទ្ធិពលដល់តម្លៃមាសនៅលើទីផ្សារអន្តរជាតិយ៉ាងខ្លាំង ដែលធ្វើអោយតម្លៃមាសធ្លាក់ចុះប្រមាណ ១០០ដុល្លារក្នុងមួយតម្លឹង។
អ្នកជំនាញទីផ្សារមាសបានពន្យល់ថាដោយសារតែលោក ដូណាល់ត្រា គឺជាអ្នកជំនួញដ៏មានឥទ្ធិពល និងមានឥទ្ធិពលលើសេដ្ឋកិច្ច ទាំងនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក ហើយបានសន្យាថា នឹងធ្វើស្ថានភាពសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកវិលទៅរកស្ថានភាពដូចមុន ធ្វើអោយគេជឿជាក់ថានៅពេលដែលសេដ្ឋកិច្ចល្អប្រសើរ លុយដុល្លាររបស់អាមេរិក នឹងកាន់តែល្អប្រសើរ ដូច្នេះហើយ ប្រសិនបើលុយដុល្លារល្អ នឹងធ្វើឱ្យមាសធ្លាក់ចុះ។
យោងតាមFXStreet នៅថ្ងៃទី១១ធ្នូនេះ បានអោយដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបន្តការទិញមាសដោយធនាគារកណ្តាលរបស់ប្រទេសចិន បានធ្វើអោយហាងឆេងមាសឡើងថ្លៃវិញ។ទន្ទឹមនេះសន្ទុះប្រជាពលរដ្ឋនៅក្រៅប្រទេសមកទិញមាសទុកក៏បានកើនឡើងវិញដែរ។
សូមបញ្ជាក់ថា តម្លៃហាងឆេងមាសពិភពលោកនៅថ្ងៃនេះ គឺ ២ ៧០៤,៦៧ដុល្លារក្នុង១អោន (1 អោន = 0.75598728266667 ដំឡឹង) ដោយឡើងថ្លៃ៣៦,៩៣ដុល្លារក្នុង១អោនបើធៀបនឹងម្សិលមិញ។
បើយើងមកមើលតម្លៃមាសនៅក្នុងស្រុកវិញ យើងឃើញថា មុនថ្ងៃបោះឆ្នោតនៅអាមេរិក មាសមានតម្លៃ៣៣៦ដុល្លារក្នុង១ជី ហើយក្រោយថ្ងៃបោះឆ្នោតនោះ មាសបានចុះមកនៅត្រឹម៣០៨ដុល្លារក្នុង១ជី។
ចាប់ពីពាក់កណ្តាលខែវិច្ចិកាមក មាសចាប់ផ្តើមឡើងថ្លៃវិញបន្តិចម្តងៗដល់៣២៨ដុល្លារក្នុង១ជី ប៉ុន្តែបន្ទាប់មកក៏ធ្លាក់ចុះមកវិញ។
គិតត្រឹមថ្ងៃទី១១ធ្នូនេះ តម្លៃមាសនៅលើទីផ្សារខ្មែរគឺ៣២៥ដុល្លារក្នុង១ជី។
អ្នកជំនាញទីផ្សារមាសមិនបានលើកទឹកចិត្តអោយប្រជាពលរដ្ឋ សម្រេចចិត្តលឿនពេក ក្នុងការទិញមាសទុក ឬលក់មាសចេញនោះទេ ស្ថិតនៅក្នុងកាលៈទេសៈដែលមាសប្រែប្រួលតម្លៃភ្លាមៗនេះ៕