បរទេស៖ អនុប្រធានាធិបតីចិន លោក ហាន់ ហ្សេង (Han Zheng) បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ុយ ថាញ់សុន (Bui Thanh Son) នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
ដោយកត់សម្គាល់ថា ឆ្នាំក្រោយគឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន លោក ហាន់ បាននិយាយថា ភាគីទាំងពីរគួរតែអនុវត្តន៍តាមការឯកភាពដ៏សំខាន់ដែលមេដឹកនាំកំពូលនៃប្រទេសទាំងពីរសម្រេចបាន។
ភាគីទាំងពីរបានរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិ ពង្រឹងការសម្របសម្រួលពហុភាគី និងជំរុញការកសាងសហគមន៍ចិន-វៀតណាម ដែលមានអនាគតរួមគ្នា ហើយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។
លោក ប៊ុយ ថាញ់សុន បាននិយាយថា ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយប្រទេសចិន គឺជាតម្រូវការក្នុងគោលបំណង ជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៃវិស័យការទូតរបស់ប្រទេសវៀតណាម។
ប្រទេសវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ និងមានឆន្ទៈពង្រឹងការផ្លាស់ប្តូរកម្រិតកំពូល ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន និងរួមគ្នាជំរុញការកសាងសហគមន៍វៀតណាម-ចិន ដែលមានអនាគតរួមគ្នាប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្ត្រ៕