ប្រធានាធិបតីជាប់បោះឆ្នោត លោក ដូណាល់ ត្រាំ នឹងព្យាយាមភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង

0

បរទេស៖ លោក មីឈែល ម៉ាលូហ្វ (Michael Maloof) អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្នុងការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយថា «ទាក់ទងនឹងគោលនយោបាយអាស៊ីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រហែលជាព្យាយាមធ្វើឱ្យភ្ជាប់ទំនាក់ទំនងរបស់លោកឡើងវិញជាមួយលោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីព្យាយាមធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងរូបនោះបញ្ឈប់ចំពោះការបាញ់សាកល្បងគ្រាប់មីស៊ីលបន្ថែមទៀត»។

លោកបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិជិតធ្លាក់ដល់កម្រិតនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េហើយនៅក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ត្រាំ។

លោក ម៉ាលូហ្វ បានកត់សម្គាល់ថា «ខ្ញុំគិតថា វិធីមួយដែលអ្នកធ្វើនោះ គឺបញ្ឈប់ការធ្វើសមយុទ្ធយោធារវាងអាម៉េរិក-កូរ៉េខាងត្បូងបន្ថែមទៀត ដែលកូរ៉េខាងជើងចាត់ទុកថាវាជាការញុះញង់។ ហើយខ្ញុំគិតថា ប្រសិនបើវាថយចុះ នោះនឹងមានមូលដ្ឋានសម្រាប់ការពិភាក្សា ហើយខ្ញុំគិតថាប្រទេសចិនក៏ប្រហែលជាស្វាគមន៍ចំពោះរឿងនេះដែរ»។ រឿងនេះកើតឡើងចំពេលដែលការបន្តធ្វើកិច្ចការយោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិកដោយសហរដ្ឋអាមេរិក ដែលបានចុះកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលីនៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើតប្លុកយោធា AUKUS ។

ទីក្រុងម៉ូស្គូបាននិយាយថា ការធ្វើកិច្ចការយោធាបែបនេះមានការផ្តោតជាក់ស្តែងទៅលើការទប់ស្កាត់ផលប្រយោជន៍របស់ចិន និងរុស្ស៊ីនៅក្នុងតំបន់៕