បរទេស៖ រដ្ឋាភិបាលនៃប្រទេសនីហ្សេរីយ៉ា តំណាងដោយរដ្ឋ មន្ត្រីក្រសួងទំនាក់ទំនង លោក ស៊ីឌី ម៉ូហាមេដ រ៉ាលូ (Sidi Mohamed Raliou) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងរដ្ឋធានីនៀមេយ ជាមួយក្រុមហ៊ុន Glavkosmos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ី ដើម្បីទទួលបានផ្កាយរណបចំនួនបីក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខ និងការពារជាតិ។ លោក រ៉ាលូ បាននិយាយនៅក្នុងពិធីចុះហត្ថលេខានោះថា កិច្ចព្រមព្រៀងនេះរួមមានផ្កាយរណបទំនាក់ទំនង ផ្កាយរណបចាប់សញ្ញាពីចម្ងាយ និងផ្កាយរណបរ៉ាដា សម្រាប់គោលបំណងការពារ និងសន្តិសុខ ដោយការផលិតគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
លោកបានមានប្រសាសន៍ថា «យើងប្តេជ្ញាធានានូវអធិបតេយ្យភាពរបស់យើងនៅក្នុងវិស័យនេះ» ដោយលោកបានកត់សម្គាល់ថា គម្រោងនេះក៏នឹងចូលរួមជាមួយក្រុមបណ្តុះបណ្តាលនៅក្នុងប្រទេសនីហ្សេរីយ៉ា ដើម្បីគ្រប់គ្រងឧបករណ៍ផងដែរ។ លោក រ៉ាលូ បានបន្ថែមថា ក្នុងពេល បណ្តោះអាសន្ន ប្រទេសរុស្ស៊ីបានយល់ព្រមជួលឧបករណ៍ស្រដៀងគ្នានេះទៅឱ្យប្រទេសនីហ្សេរីយ៉ា។ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន ប្រទេសនីហ្សេរីយ៉ាកាន់តែឃ្លាតឆ្ងាយពីប្រទេសបារាំង ដែលជាអតីតមហាអំណាចអាណានិគមរបស់ខ្លួន ហើយកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ីផងដែរ៕