បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីអូណូ (Sugiono) បានជួបជាមួយសមភាគីថៃនៅខាងក្រៅកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) នៅទីក្រុងកាហ្សាន់របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែតុលា។
លោក ស៊ូគីអូណូ និងសមភាគីថៃ លោក ម៉ារីស សាងគៀមពង្សា (Maris Sangiampongsa) បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈវេទិកាអន្តរជាតិ និងអង្គការនានា ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រ៊ីកស៍ជាដើម។
អ្នកការទូតឥណ្ឌូណេស៊ីរូបនោះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី-ថៃ ហើយបាននិយាយថា លោកលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅតាមរយៈយន្តការផ្សេងៗ ខណៈដែលភាគីទាំងពីរនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅឆ្នាំក្រោយ។
ទាក់ទងនឹងបញ្ហាអាស៊ាន រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានឯកភាពគ្នាថា ត្រូវការដំណោះស្រាយយ៉ាងឆាប់រហ័សសម្រាប់ប្រទេសនេះ។
លោក ស៊ូគីអូណូ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការថែរក្សាសាមគ្គីភាពក្នុងតំបន់អាស៊ាន និងតួនាទីកណ្តាលរបស់ប្លុកនេះ។
លោក សាងគៀមពង្សា បានសម្តែងក្តីសង្ឃឹមថា ប្រទេសឥណ្ឌូណេស៊ីនឹងបន្តដើរតួនាទីសំខាន់នៅក្នុងតំបន់៕