បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានអំពាវនាវជាថ្មីម្តងទៀតឱ្យបង្កើនការទប់ស្កាត់ សង្គ្រាម រួមទាំងការត្រៀមខ្លួននៃសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថាជាការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយនៅក្នុងសុន្ទរកថាជាភាសាអង់គ្លេសថា លោក គីម បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលត្រួតពិនិត្យ «មូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ» របស់លោក។
របាយការណ៍មិនបានបញ្ជាក់ពីទីតាំង ឬកាលបរិច្ឆេទនៃការត្រួតពិនិត្យនោះទេ។ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យ លោក គីម បានពិនិត្យមើលមុខងារ និងសមត្ថភាពសំខាន់ៗនៃកន្លែងបាញ់បង្ហោះរបស់មូលដ្ឋានមីស៊ីល ក៏ដូចជាការត្រៀមខ្លួនប្រតិបត្តិការរបស់អង្គភាពមីស៊ីលយុទ្ធសាស្ត្រ។ នេះបើយោងតាមទីភ្នាក់ងារ KCNA ។
របាយការណ៍បានបន្ថែមថា លោក គីម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើទំនើបកម្ម និងការពង្រឹងមូលដ្ឋានមីស៊ីលបន្ថែមទៀត ដោយលោកបានធានាថា គ្រប់មធ្យោបាយទាំងអស់ត្រូវបានរៀបចំយ៉ាងពេញលេញដើម្បីរក្សាឥរិយាបថប្រឆាំងដ៏រឹងមាំ។
ប្រទេសកូរ៉េខាងជើងបានបង្កើនភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកខាងមុខដែលនៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ដោយប្រទេសនេះបានបង្ហាញពីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម បាញ់មីស៊ីលផ្លោង និងការបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែន៕