ប្រធានាធិបតីអ៊ុយក្រែន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជួបពិភាក្សាគ្នាលើបញ្ហាការពារជាតិ

0

បរទេស៖ យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានជួបជាមួយរដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ដើម្បីពិភាក្សាអំពីបញ្ហាការពារជាតិក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។

កិច្ចពិភាក្សា​បាន​និយាយ​នឹង​សំណើ​របស់​អ៊ុយក្រែន​ក្នុង​ការ​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយប្រហារ​គោលដៅ​យោធា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក ហ្សេលេនស្គី និងលោក អូស្ទីន ក៏បាននិយាយផងដែរអំពីការបង្កើនការផលិតយន្តហោះគ្មានមនុស្សបើក មីស៊ីលធ្វើដំណើរ គ្រាប់កាំភ្លើងធំ និងឧបករណ៍ការពារអាកាស។

លោក អូស្ទីន បានប្រកាសកញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៤០០លានដុល្លារអាម៉េរិក ដែលរួមមានគ្រាប់រំសេវ ឧបករណ៍យោធា និងអាវុធ។

ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាចំនួន ៦៤,១ប៊ីលានដុល្លារអាម៉េរិកដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងខែតុលាឆ្នាំនេះ៕